ព័ត៌មានជាតិ

ប្រធានាធិបតីហ្វីលីពីន លោក ឌូតើតេ ត្រៀមបញ្ជូននាវាចម្បាំងទៅកាន់តំបន់សមុទ្រចិនខាងត្បូង

 

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេបានព្រមានថាការប្រឈមមុខជាមួយចិននៅសមុទ្រចិនខាងត្បូងនឹងក្លាយជាការបង្ហូរឈាម បើសិនជា ទីក្រុងប៉េកាំងធ្វើសកម្មភាពរុករកប្រេងនៅក្នុងតំបន់ជម្លោះដែនទឹកមែននោះ។ លោក ឌូតើក៏បានសង្កត់ធ្ងន់ដែរថាអាចនឹងបញ្ជូននាវាចម្បាំងទៅកាន់តំបន់ជម្លោះ ដើម្បីការពារបូរណភាពដែនទឹករបស់ហ្វីលីពីន។

ថ្លែងនៅក្នុងសុន្ទរកថាខ្លីមួយតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក ឌូតើតេបានគូសបញ្ជាក់ដូច្នេះថា៖ «បើសិនជាយើងធ្វើដំណើរទីនោះដើម្បី អះអាងពីយុត្តាធិការរបស់យើង នោះវាអាចនឹងក្លាយជាការបង្ហូរឈាម…យើងនឹងបញ្ជូននាវាចម្បាំងទៅកាន់តំបន់ជម្លោះហើយយើងនឹងធ្វើសកម្មភាពភា្លម បើពួកគេ (ចិន) ធ្វើសកម្មភាពរុករកប្រេងមែននោះ»។

ភាពតានតឹងរវាងហ្វីលីពីន និងចិនបានផ្ទុះឡើងជាថ្មីកាលពីខែមីនាកន្លងទៅ បន្ទាប់ពីនាវាចិនរាប់រយគ្រឿងត្រូវបានប្រទះឃើញនៅឯតំបន់ថ្មប៉ប្រះទឹក Whitsun នៃទីប្រជុំកោះ Spratly ដែលជាតំបន់ជម្លោះដែនទឹករវាងប្រទេសជាច្រើនក្នុងនោះមានទាំងហ្វីលីពីន និងចិន៕

AFP៖ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១

 

មតិយោបល់