ផ្ទះ ព័ត៌មានជាតិ ជុងមិនភ្លេចកុ...

ជុងមិនភ្លេចកុកទេ! ចោរតែងតែធ្វើសកម្មភាពលួចគោ ពន្លះយកសាច់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

កំពង់ស្ពឺ: ដោយមានការចង្អុលដឹកនាំ ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាល ខេត្ដកំពង់ស្ពឺ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច កាលពីថ្ងៃសុក្រទី២៥ ខែធ្នូ ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យឹម សុធារិទ្ធិ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិទី៦ (វាលធំ) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ពាក់ព័ន្ធករណីចោរកម្ម (លួចគោ) ចំនួន២ក្បាល នៅចំណុចក្រោលគោក្រោយផ្ទះ ស្ថិតក្នុងភូមិក្រាំងមេត្រី (ត្រពាំងខ្លុង) ឃុំដំបូករូង ស្រុកភ្នំស្រួច ។

វត្ថុតាងដកហូតបានរួមមាន៖ សោកន្ទុយអន្ទង់០១ (សម្រាប់កាច់កម៉ូតូ) កន្រ្តៃ០១ ដែកកាប់០១ អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ០១ ខ្សែចងគោ ០១ខ្សែ មួក០១ ម៉ាស០១ ស្រោមដៃ០១ និងកាតេ “បាវ” ។

ជនសង្ស័យបានឆ្លើយសារភាពថា កន្លងមកខ្លួនធ្លាប់បានលួចគោ ពន្លះយកសាច់ នៅស្រុកភ្នំស្រួច និងទីកន្លែងផ្សេងទៀត។
ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីបន្ដ ។ ចំណែកសត្វគោពីរក្បាលបានប្រគល់ជូនម្ចាស់វិញ ៕

មតិយោបល់