ភ្នំពេញ: ម៉ូតូ៥គ្រឿង ត្រូវក្រុមជនសង្ស័យ ធ្វើសកម្មភាពកាត់សោទ្វារចូលលួចយ៉ាងស្រួល ក្នុងកន្លែងតែមួយគ្មានរំខានដល់សមត្ថកិច្ច សូម្បីតែបន្តិច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងបរិវេណក្រុមហ៊ុនលាយបេតុង ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា
ម៉ូតូដែលក្រុមជនសង្ស័យលួចចំនួន៥គ្រឿង ខាងលើ ទី១ម៉ាកឌ្រីមសង់ឆ្នាំ២០១៦ ទី២ឆ្នាំ២០១៥ ទី៣ឆ្នាំ២០១៨ ទី៤ឆ្នាំ២០១៩ និងទី៥ម៉ូតូស្មាស់។
ប្រភពដដែលបានបន្តទៀតថា នៅយប់ថ្ងៃទី២៦ ខែធ្នូនេះ ជនរងគ្រោះដែលជាបុគ្គលិកធ្វើការនៅទីនោះ បានទុកម៉ូតូនៅក្នុងបរិវេណខាងលើ ដូចសព្វដង ព្រោះនៅជុំវិញទីនោះ មានរបងចាក់សោត្រឹមត្រូវ ដោយគ្មានការព្រួយបារម្មណ៍ឡើយ ហើយពួកគេបានចូលសម្រាកនៅកន្លែងរៀងៗខ្លួន រហូតមកដល់វេលាព្រឹកថ្ងៃទី២៧ ខែធ្នូ ស្រាប់ភ្ញាក់ពីដំណេកមកបាត់ម៉ូតូទាំង៥គ្រឿងនោះ ទើបនាំគ្នាផ្អើលឆោរឡោរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង និងពិនិត្យមើលតាមរបងទ្វារមានស្មាមកាត់សោរបងទម្លុះ ដើម្បីយកម៉ូតូចេញ។
តាមប្រភពពីប្រជាពលរដ្ឋ ដែលនៅជុំវិញទីនោះ បានឲ្យដឹងថា បទល្មើសដែលកើតមានក្នុងខណ្ឌកំបូលនេះ មិនមែនតែ១ករណីហ្នឹងទេ គឺមានច្រើន ដូចជាករណីដេញវាយកាប់យកទ្រព្យសម្បត្តិ គាស់បន្ទប់ជួល កាច់សោ.កម៉ូតូ ជាដើម ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង។ យ៉ាងណាមិញពលរដ្ឋសូមសំណូមពរដល់លោក អធិការខណ្ឌកំបូល មេត្តាជួយពង្រឹងការល្បាតពួនស្ទាក់ឲ្យមានប្រសិទ្ធភាពផង ដើម្បីឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត លែងភ័យព្រួយតទៀត កុំឲ្យដូចករណីខាងលើ បានត្រឹមតែអាណិតជនរងគ្រោះ ដែលខំធ្វើការ ទម្រាំបានប្រាក់ទិញម៉ូតូ ពេលនេះចប់ហើយ ព្រោះម៉ូតត្រូវក្រុមជនសង្ស័យលួចយកទៅបាត់ ប្រហែលគ្មានសង្ឃឹមបានមកវិញទេ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងនៅទីតាំងកន្លែងកើតហេតុ និងទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះទាំង៥នាក់ ដើម្បស្វែងរកមុខសញ្ញាជនសង្ស័យ យកមកចាត់ការតាមនិតិវិធី៕
មតិយោបល់