កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២០ ម៉ោង ៣និង៣០នាទីយប់ មានករណីប៉ុនប៉ងលួចនៅចំណុចផ្ទះជនរងគ្រោះភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ សូ មករា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរជាងសំណង់។
ជនសង្ស័យ០២នាក់៖ ១-ឈ្មោះ ផង ឈួន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល មុខរបរព្រូឡានដឹកស៊ីម៉ង់ (ឃាត់ខ្លួន)។ ២-ឈ្មោះ ផាន់ណា ហៅស្វិត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន)។
វត្ថុតាងចាប់យក៖
១-ម៉ូតូមួយគ្រឿងម៉ាកHonda c125 ពណ៌ខ្មៅ ស៊េរី២០១៤ គ្មានស្លាកលេខ (របស់ជនសង្ស័យឈ្មោះផងឈួន។)
២-ដាវដែក ដងឈើ ប្រវែង៦១សង់ទីម៉ែត្រ ចំនួនមួយ (របស់ជនសង្ស័យឈ្មោះ ផាន់ ណា ហៅ ស្វិត)។
កាលពីវេលាកើតហេតុខាងលើ នៅពេលជនរងគ្រោះ និងក្រុមគ្រួសារ កំពុងដេកលង់លក់ ក៏ស្រាប់តែមានចោរចូលលួចចាប់មាន់ ឮសំឡេងស្រែកញ៉ោកៗ ទើបជនរងគ្រោះ បាននាំគ្នាភ្ញាក់ដឹងខ្លួនឡើង ស្រែកឆោរឡោផ្អើលអ្នកជិតខាង ជួយដេញចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផាន់ ណា ហៅស្វិត ដែលកំពុងតែឈរ តែពេលនោះជនសង្ស័យឈ្មោះ ផាន់ណា ហៅស្វិត បានដកដាវមួយដើម កាន់គំរាមស្រែកឡើងថា អ្នកណាចូលមកអញកាប់ឲ្យងាប់ ពេលឃើញដូចនេះ ជនរងគ្រោះមិនហ៊ានចូលចាប់ ព្រោះខ្លាចជនសង្ស័យកាប់ ទើបបណ្តោយឲ្យជនសង្ស័យរត់គេចខ្លួនបាត់ទៅ ដោយបន្សល់ទុកនូវដាវមួយដើម និងម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ ។
តែបានមួយសន្ទុះក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ឈ្មោះ ផង ឈួន បានមកដល់ ដោយនិយាយថា ខ្លួនជាម្ចាស់ម៉ូតូ ទើបជនរងគ្រោះ បានឃាត់ខ្លួនទុកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រកាខ្ពស់ ចាត់ការតាមច្បាប់តែម្តង។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយថា ខ្លួនជាម្ចាស់ម៉ូតូ បានជិះឌុបជនសង្ស័យឈ្មោះ ផាន់ ណា ហៅស្វិត មកឈប់នៅចំណុចខាងលើ បន្ទាប់មកឈ្មោះ ផាន់ណាហៅស្វិត ក៏បានខ្ចីម៉ូតូពីគាត់ ជិះទៅផ្ទះមីងមួយភ្លែត លុះបានប្រហែលល១០នាទីក្រោយមក ក៏ឃើញឈ្មោះផាន់ណា ហៅស្វិត រត់មកវិញ ហើយប្រាប់គាត់ថា ម៉ូតូហ្អែង ត្រូវគេចាប់ឃាត់ទុកបាត់ហើយ ដោយគេចោទថា អញជាចោរលួចមាន់គេ ទើបគាត់ទៅយកម៉ូតូ ក៏ត្រូវគេចាប់ឃាត់ខ្លួនតែម្តង៕
មតិយោបល់