ព័ត៌មានជាតិ

Update៖ សាហាវណាស់! គ្រោះថា្នក់ចរាចរណ៍ ចរចាមិនត្រូវគ្នា ជនបង្កដកកាំភ្លើងបាញ់ជនរងគ្រោះ ជាមន្រ្តីនគរបាលម្នាក់ បណ្តាលឲ្យស្លាប់ ខណៈដឹកបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញ: ជនបង្កបើករថយន្តបុករថយន្តជនរងគ្រោះពីក្រោយរងការខូចខាត ដោះស្រាយមិនត្រូវគ្នា ដកកាំភ្លើងបាញ់សម្លាប់ជនរងគ្រោះ ហើយបើករថយន្តគេចខ្លួនបាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៤០នាទី ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងជាប់ផ្ទះសំណាក់ ចិនណាក់សាំងហ័រទៀន ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ រ៉េតស៊ីណែត ហៅញ៉ក់ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ មុខរបររងការិយាល័យកម្រិតស្រាល នៃស្នងការរាជធានីភ្នំពេញ (ហៅនាមទិវា១២) បច្ចុប្បន្នស្នាក់នៅម្ដុំសាលាបាក់ទូក ខណ្ឌ៧មករា រាជធានីភ្នំពេញ បើកបររថយន្តម៉ាក Ford Rapitor ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BD-3738 ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។ ចំណែកជនល្មើស មិនស្គាល់អត្តសញ្ញាណ ភេទប្រុស បើកបររថយន្តម៉ាក់លុចស៊ីស ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 2A-4546 បើករថយន្តគេចខ្លួនបាត់ ។

តាមប្រភពពីកន្លែងកើតហេតុខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបើករថយន្តម៉ាក Ford Rapitor ពណ៌ស មានគ្នា២នាក់ បើកក្នុងទិសដៅពីកើតទៅលិច ចំណែកជនសង្ស័យបើករថយន្តម៉ាកលុចស៊ីស RX-300 ពណ៌ខ្មៅ ក្នុងទិសដៅពីកើតទៅលិច ស្របគ្នាហើយរថយន្តជនសង្ស័យ បានបុករថយន្តជនរងគ្រោះពីក្រោយ បណ្តាលឲ្យរងការខូចខាតតិចតួច បែកស្តុបចំហៀងខាងឆ្វេង នឹងក្រពឹតតិចតួច ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបន្តទៀតថា ខណ:ពេលភ្លាមៗនោះ ភាគីបង្កដែលជាជនសង្ស័យ បានចរចាជាមួយជនរងគ្រោះ តែដោយការដោះស្រាយគ្នាមិនត្រូវ ដោយជនរងគ្រោះចង់ឲ្យជនបង្ក យករថយន្តរបស់គាត់ ដើម្បីជួសជុលឲ្យហើយជនបង្ក ដែលជាជនសង្ស័យ បានដកកាំភ្លើងបាញ់ទៅលើជនរងគ្រោះចំនួន៣គ្រាប់ ហើយជនសង្ស័យដេញបាញ់ អ្នករួមដំណើរ (កូនចៅ) ព្រមទាំងប្រជាពលរដ្ឋរួមទាំងចៅសង្កាត់រងកាកាបទី២ ដែលនៅកន្លែងកើតហេតុ បណ្តាលឲ្យភ័យរត់ជែងជើងគ្នា តែមិនត្រូវឡើយហើយបានឡើងលើរថយន្តបើកគេចខ្លួនបាត់ ។ ប្រភពព័ត៌មានពីបុរសអ្នករួមដំណើរ (កូនចៅ) បានឲ្យដឹងថា ខណ:ពេលជនសង្ស័យបើករថយន្តចេញបុរសអ្នករួមដំណើរ បានដកកាំភ្លើងពីជនរងគ្រោះបាញ់ទៅលើជនសង្ស័យ ដែលកំពុងបើករថយន្តចេញចំនួន៣គ្រាប់វិញ ។
ចំណែកជនរងគ្រោះដេកដួលស្តូកស្តឹង ឈាមស្រោចពេញខ្លួន ត្រូវបានរថយន្តឯកជនដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ តែដោយអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ទើបរថយន្តសង្រោះឯកជនដឹកយកមកកន្លែងកើតហេតុភ្លាមៗ ។
ពេលភ្លាមៗផងនោះ កម្លាំងនគរបាលប៉ុស្តិ៍ បានទាក់ទងទៅផ្នែកជំនាញ មានផ្នែកជំនាញចរាចរណ៍ នឹងជំនាញព្រហ្មទណ្ឌបានចុះមកដល់ចំណុចកើតហេតុ ដោយឃើញជនរងគ្រោះ ត្រូវជនសង្ស័យបាញ់ចំក្បាលចំនួន១គ្រាប់ នឹងចំដើមទ្រូងចំនួន២គ្រាប់ ហើយនៅចំណុចកន្លែងកើតហេតុ ប្រជាពលរដ្ឋព្រមទាំងសមត្ថកិច្ចរកឃើញសម្បកផ្ទុះចំនួន៩គ្រាប់ នៅចំណុចកើតហេតុ ។

ក្រោយពេលកើតហេតុ សពជនរងគ្រោះភ្លាមៗ ត្រូវបានក្រុមគ្រួសារដឹកចេញពីកន្លែងកើតហេតុ ដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណី នៅផ្ទះជនរងគ្រោះ ម្តុំសាលាបាក់ទូកខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយជំនាញកំពុងស្រាវជ្រាវរកមុខសញ្ញាខាងលើ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់