ព័ត៌មានជាតិ

អាជ្ញាធរស្រុកមង្គលបូរី អំពាវនាវដល់ពលរដ្ឋ ត្រូវរក្សាទឹកស្ទឹងមង្គលបូរីទុក ព្រោះទឹកស្រកចុះ គួរបារម្ភ

បន្ទាយមានជ័យៈ មន្ត្រីអាជ្ញាធរស្រុកមង្គលបូរី បានជូនដំណឹងក៏ដូចជាអំពាវនាវទទូចឲ្យបងប្អូនប្រជាពលរដ្ឋ ពិសេសកសិករ មេត្តាប្រញាប់ប្រញាល់រួមគ្នាឬដោយឡែកទទួលខុសត្រូវក្នុងការស្ទាក់បញ្ចាល់ទឹក ទុកសម្រាប់ផឹកប្រើប្រាស់ យកទឹកបញ្ចូលស្រែធ្វើស្រូវស្រែប្រាំងលើកទី២។

លោក រ័ត្ន ដាស៊ីណង់ អភិបាលរងស្រុកមង្គលបូរី បានបន្ថែមថា តាមការចុះពិនិត្យបន្តបន្ទាប់របស់មន្ត្រី និងសហគមន៍ឃើញថា តាមដងស្ទឹងមង្គលបូរី ទឹកបានស្រកចុះយ៉ាងគំហក និងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបងប្អូន ដែលបានសាបព្រោះធ្វើស្រែប្រាំងលើកទី២ ឬស្រែប្រាំងចុងរដូវវស្សា។

អភិបាលរងស្រុកមង្គលបូរី ថ្លែងបន្តថា ហេតុនេះអាជ្ញាធរនិងជំនាញសូមអំពាវនាវ ណែនាំដល់បងប្អូនប្រជាកសិករដូចជា ត្រូវស្ទាក់បញ្ចាល់ទឹកទុកតាមអាង បឹងបួរ ប្រឡាយ អូរ ស្រះត្រពាំងឬទីស្តុកទឹកផ្សេងទៀត កុំឲ្យយឺតពេលឲ្យសោះ។ ត្រូវថែរក្សាទឹកទុកដោយបិទភ្លឺស្រែ ទំនប់ទឹក ទំនប់ប្រឡាយ ព្រោះថា ទោះមានភ្លៀងធ្លាក់ជាថ្មីខ្លះក៏មិនច្រើនដែរ។

ប្រជាកសិករ ធ្វើស្រែស្រូវវស្សានៅភូមិបត់ត្រង់ ឃុំបត់ត្រង់ បាននិយាយថា ពួកគាត់ធ្វើស្រូវវស្សាបារម្ភណាស់នឹងការខ្វះទឹកស្រូវវស្សាព្រោះសឹងតែដើមខែតុលាមក ទឹកចាប់ផ្តើមសម្រកហើយ។ ហើយបើមេឃកាន់ប្រែ (អាកាសធាតុប្រែប្រួលទៀត) នោះទឹកស្ទឹង ប្រឡាយបឹងបួរនឹងស្រកចុះកាន់តែលឿន។

ពួកគាត់ បន្តថា ដូចសប្តាហ៍មុនពួកខ្លួនខឹងសម្បារកសិករ ធ្វើស្រូវប្រាំងលើកទី២ផង ដែលបានបិទទ្វារទឹកនៃប្រឡាយមួយកន្លែងភ្ជាប់ពីស្ទឹងមង្គលបូរីមកវាលស្រែស្រូវវស្សាព្រោះបារម្ភខ្វះទឹកស្រោចស្រព ហើយធ្វើឲ្យស្រូវខ្វះទឹក ហើយមិនបានផល។

លោក សៃ ឡៅ មេឃុំបត់ត្រង់ ជាឃុំបណ្តោយដងស្ទឹងមង្គលបូរី បាននិយាយថា លោកនិងក្រុមការងារបានចុះពិនិត្យជាក់ស្ដែងស្ថានភាពបែងចែកទឹករវាងកសិករធ្វើស្រូវរដូវវស្សា និងកសិករ ធ្វើស្រូវរដូវប្រាំងលើកទី២ ហើយ ។

លោកថា ទឹកស្ទឹងមង្គលបូរីនៅឃុំបត់ត្រង់នេះ នៅមានគ្រប់គ្រាន់ សម្រាប់ទាំងស្រូវវស្សានិងទាំងស្រូវប្រាំងនៅឡើយ។ប៉ុន្តែអាជ្ញាធរនិងសហគមន៍ពិតជាបារម្ភ ហើយប្រញាប់នាំគ្នាបិទទឹកទុកហើយ។

សូមរំឭថា ដងស្ទឹងមង្គលបូរីជាផ្លូវទឹកនិងដង្ហើមរស់ពីទឹកសំខាន់សម្រាប់ជីវិតស្លាប់រស់របស់អ្នកស្រុកនេះទាំងមូល។ ស្ទឹង បានពុះចំកណ្តាលភូមិសាស្ត្រស្រុក ហើយបង្កើតស្ថានភាពរយៈកម្ពស់ទឹកដីជា២ គឺផ្នែកលើខ្សែទឹក រួមមានឃុំសឿ ចំណោម រហាត់ទឹក បត់ត្រង់ ភ្នំតូច អូរប្រាសាទ ឬស្សីក្រោក បន្ទាយនាង មានកម្ពស់ដីខ្ពស់ជាងផ្នែកខាងក្រោមពី ១,៨ ទៅ ២,២ ម៉ែត្រ ។ កាលពីរដូវប្រាំងឆ្នាំកន្លងមកដែរ ពលរដ្ឋជាងពាក់កណ្តាលនៃពលរដ្ឋជិត១៧ម៉ឺន នាក់នៃស្រុកនេះបានជួបប្រទះកង្វះទឹកផឹកនិងទឹកប្រើប្រាស់ព្រោះតែស្ទឹងមង្គលបូរីរីងស្ងួតជិត៥ខែ។ ដូច្នេះក្តីបារម្ភ ពីកង្វះទឹកនេះត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែន៕

ទឹកស្ទឹងមង្គលបូរីទឹកស្ទឹងមង្គលបូរីទឹកស្ទឹងមង្គលបូរីទឹកស្ទឹងមង្គលបូរីទឹកស្ទឹងមង្គលបូរី

មតិយោបល់