ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបន្លំលូកហោប៉ៅលួចលុយបានម្នាក់

ភ្នំពេញ: ជនសង្ស័យជាចោរលូកហោប៉ៅយ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី១ចាប់ឃាត់ខ្លួន ខណ:ពេលដែលរូបគេបានជិះម៉ូតូឌុបមួយគ្រឿងមកបន្លំចូលទិញស្បែកជើង ហើយធ្វើសកម្មភាពលូកហោប៉ៅកាបូបលុយពីបុរសអ្នកលក់ម្នាក់ ដាក់ក្រវ៉ាត់ជាប់ចង្កេះបានប្រាក់ចំនួន៨០ដុល្លារ និងលុយខ្មែរចំនួន ៣ពាន់រៀល ហើយម្ចាស់គេឃើញទាន់នោះ។

ការឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង២ និង១០នាទីរសៀល ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៧ នៅចំណុចផ្ទះលក់ស្បែកជើងលេខ១៦៥ ផ្លូវលេខ៣៦៩ ភូមិព្រែក ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះ ប៊ុន ធី អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសន្សំកុសល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ជនរងគ្រោះមានឈ្មោះ ហ៊ុន សៀវម៉ី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរលក់ស្បែកជើង ស្នាក់នៅផ្ទះកើតហេតុខាងលើ។

មុនពេលកើតហេតុ បុរសជាជនសង្ស័យបានជិះម៉ូតូឌុបមួយគ្រឿងចូលមកទិញខ្សែស្បែកជើងបានចំនួន២គូ ហើយក៏ធ្វើលេសជាសុំប្តូរលុយចំនួន១០ដុល្លារ ពេលនោះក៏បន្លំលូក លួចយកលុយពីក្នុងការបូបដែលក្រវ៉ាត់ជាប់ចង្កេះរបស់បុរសអ្នកលក់បានប្រាក់ចំនួន ៨០ដុល្លារ និងលុយខ្មែរចំនួន ៨៣,០០០រៀលទៀត។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលនោះបុរសអ្នកលក់ស្បែកជើងរូបនោះក៏បានដឹងថា បាត់លុយអស់ពីក្នុងការបូបលុយរបស់ខ្លួននោះក៏ស្រែកឆោឡោថា ចោរៗឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់កម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍ច្បារអំពៅទី១ ក៏ជួយដេញចាប់បានភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ ប្រាក់ចំនួន ៨០ដុល្លារ និងលុយខ្មែរចំនួន ៨៣,០០០រៀល នោះត្រូវបានប្រគល់ឲ្យទៅបុរសជាជនរងគ្រោះវិញ។ ចំណែកឯបុរសជាជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលច្បារអំពៅទី១ ដើម្បីធ្វើការសាកសួរ និងកំណត់ហេតុ និងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌច្បារអំពៅចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

មតិយោបល់