ព័ត៌មានជាតិ

ករណីបាញ់មន្រ្តីការិយាល័យរងព្រហ្មទណ្ឌម្នាក់ កាលពីយប់មិញ ជនសង្ស័យបានយករថយន្តទៅប្លុងចោល នៅខណ្ឌព្រែកព្នៅ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានរកឃើញរថយន្តមួយគ្រឿង ម៉ាកលុចស៊ីស RX300 ត្រូវបានជនសង្ស័យ នៃការបាញ់សម្លាប់យកទៅប្លុងចោល នៅភូមិស្វាយឧត្តម សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តត្រូវបានក្រុមជនង្ស័យដោះផ្លាកលេខចេញ និងគេចខ្លួនបាត់អស់។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១២និង៤០នាទីយប់ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ជនបង្កបើករថយន្តបុករថយន្តជនរងគ្រោះ ពីក្រោយរងការខូចខាត ដោះស្រាយមិនត្រូវគ្នា បានដកកាំភ្លើងបាញ់សម្លាប់ជនរងគ្រោះ ហើយបើករថយន្តគេចខ្លួនបាត់ស្រមោល នៅផ្លូវមុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាប់ផ្ទះសំណាក់ ចិនណាក់សាំងហ័រទៀន ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ រ៉េតស៊ីណែត ហៅញ៉ក់ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ មុខរបររងការិយាល័យកម្រិតស្រាល នៃស្នងការរាជធានីភ្នំពេញ (ហៅនាមទិវា១២) ស្នាក់នៅម្ដុំសាលាបាក់ទូក ខណ្ឌ៧មករា រាជធានីភ្នំពេញ បើកបររថយន្តម៉ាក Ford Rapitor ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BD-3738 ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។ ចំណែកជនល្មើស មិនស្គាល់អត្តសញ្ញាណ ភេទប្រុស បើកបររថយន្តម៉ាក់លុចស៊ីស ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 2A-4546 បើករថយន្តគេចខ្លួនបាត់ ។

នៅមុនពេលកើតហេតុ ជនរងគ្រោះបើករថយន្តម៉ាក Ford Rapitor ពណ៌ស មានគ្នា២នាក់ បើកក្នុងទិសដៅពីកើតទៅលិច ចំណែកជនសង្ស័យបើករថយន្តម៉ាកលុចស៊ីស RX-300 ពណ៌ខ្មៅ ក្នុងទិសដៅពីកើតទៅលិច ស្របគ្នាហើយរថយន្តជនសង្ស័យ បានបុករថយន្តជនរងគ្រោះពីក្រោយ បណ្តាលឲ្យរងការខូចខាតតិចតួច បែកស្តុបចំហៀងខាងឆ្វេង នឹងក្រពឹតតិចតួច ។ ភាគីបង្កបានចរចាជាមួយជនរងគ្រោះ តែមិនត្រូវ ជនបង្កបានដកកាំភ្លើងបាញ់ ជនរងគ្រោះ៣គ្រាប់ ហើយបានឡើងលើរថយន្តបើកគេចខ្លួនបាត់ ។

ចំណែកជនរងគ្រោះដេកដួលស្តូកស្តឹង ឈាមស្រោចពេញខ្លួន ត្រូវបានរថយន្តឯកជនដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ តែដោយអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ទើបរថយន្តសង្រោះឯកជនដឹកយកមកកន្លែងកើតហេតុ។

សពជនរងគ្រោះក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះជនរងគ្រោះ ហើយកម្លាំងជំនាញស្រាវជ្រាវរកមុខជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់