ព័ត៌មានជាតិ

Update៖ មនុស្ស២នាក់ស្លាប់ និងទៀត ៤នាក់របួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មនុស្ស ២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្ស៤នាក់ ផ្សេងទៀតរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករថយន្ត។ ឧបទ្ទវហេតុបានកើតឡើង នៅថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១នឹង១៥នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០៥-១០៦ ត្រង់ចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកFUSO ពណ៌ខៀវ ពាក់ស្លាកលេខខេមរភូមិន្ទ០១ 3-2869 សណ្ដោងសឺមីរ៉ឺម៉ក ពណ៌លឿង-ក្រហម ពាក់ស្លាកលេខខេមរភូមិន្ទ០១ 4A-2869 អ្នកបើកបរឈ្មោះ ចាន់ ទី ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំត្បែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងលិចទៅទិសកើតលុះដល់ចំណុចខាងលើបានរេចង្កូតទៅកៀររថយន្តមួយគ្រឿង ម៉ាក KIA ពណ៌លឿង ពាក់ស្លាកលេខសៀមរាប 3A-1240 (ប្រភេទរថយន្តក្រុង) អ្នកបើកបរពុំទាន់ស្គាល់ឈ្មោះនិងអាស័យដ្ឋាន(ចុះរត់គេចខ្លួនបាត់) ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា។

លោកស្នងការរងបន្តថាបណ្តាលឱ្យមនុស្សនិងខូចខាតសម្ភារ៖ ស្លាប់០២នាក់ (ស្រី) (អ្នករួមដំណើរក្នុងរថយន្តក្រុង មិនទាន់ស្គាល់ឈ្មោះនិងអាស័យដ្ឋាន), របួសធ្ងន់ ០៤នាក់ (ប្រុស) (០១នាក់ ជាអ្នកបើកបររថយន្តFUSO និង ០៣នាក់ទៀត ជាអ្នករួមដំណើរក្នុងរថយន្តក្រុង មិនទាន់ស្គាល់ឈ្មោះនិងអាស័យដ្ឋាន)។ ខូចខាតរថយន្ត ចំនួន០២គ្រឿង (ធ្ងន់)។
ក្រោយកើតហេតុកម្លាំងជំនាញបានចុះវាស់វែងយកមធ្យោបាយពាក់ព័ន្ធ មករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់