សៀមរាបៈ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង ទាំងព្រឹកព្រលឹម បន្ទាប់ពីអ្នកបង់សំណាញ់ ប្រទះឃើញសាកសពក្មេងប្រុសម្នាក់ អណ្ដែតក្បែរ ស្ពានអាងក្រពើ ក្នុងស្ទឹងសៀមរាប ហើយសមត្ថកិច្ច សន្និដ្ឋានថា ជាករណីលង់ទឹកមិនមែនជាករណីឃាតកម្មនោះទេ។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ស្ថិតនៅចំណុច ស្ពានអាងក្រពើស្ទឹងសៀមរាប ក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
លោកស្រី ហេង អៀង វ័យ ៤៣ឆ្នាំ ត្រូវជាម្ដាយជន រងគ្រោះបានរៀបរាប់ប្រាប់ថា កូនរបស់គាត់ឈ្មោះ មុល ចំរើន អាយុ ១៦ ឆ្នាំ ជនជាតិវៀតណាម មុខរបរជាជាង សិប្បកម្ម មានទីនៅភូមិ វិហារចិន សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ។
លោកស្រី បានបន្តថា កូនប្រុសរបស់គាត់ បានបាត់ ខ្លួនរយៈពេលពីរថ្ងៃមកហើយ ហើយគាត់បានស្វះស្វែង ដើររកស្ទើរតែគ្រប់ទីកន្លែង ដែលតែពុំមានដំណឹងពីកូន របស់គាត់សោះ។ លុះនៅព្រឹកថ្ងៃកើតហេតុក៏មានគេមកប្រាប់ថា កូនរបស់គាត់ត្រូវគេ ប្រទះឃើញស្លាប់អណ្ដែតក្បែរ ស្ពានអាងក្រពើក្នុងស្ទឹងសៀមរាប ។
លោកវរសេនីយ៍ទោ ដួង សុខា នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា សពនេះមាន ឈ្មោះ មុល ចំរើន អាយុ១៦ឆ្នាំ មានមុខរបរជាជាង សិប្បកម្ម មានទីនៅភូមិ វិហារចិន សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ។
ករណីនេះសមត្ថកិច្ច ជំនាញនៃស្នងការនគរបាលខេត្ត បានធ្វើកោសល្យវិច័យ ទៅឃើញថា ជាករណីលង់ទឹកស្លាប់ដោយខ្លួនឯង ព្រោះអី នៅលើខ្លួនសពមិនមានស្លាកស្នាម អ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយមានឃើញតែ ទូរស័ព្ទនិងនាឡិការដៃ តែប៉ុណ្ណោះ។ បន្ទាប់ពីត្រួតពិនិត្យ សពក្មេងប្រុសចេះ រួចរាល់សមត្ថកិច្ច បានប្រគល់សព ទៅឲ្យគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់