ព័ត៌មានជាតិ

Update៖ សង្វេគណាស់! មានបងប្អូនណាបាត់សាច់ញាតិទេ បុរសវ័យចំណាស់ម្នាក់ បានដេកស្លាប់នៅលើស៊ីក្លូ

ភ្នំពេញ: បុរសវ័យជាង៥០ឆ្នាំម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់នៅលើស៊ីក្លូរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើងកាលពីវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ទល់មុខទីភ្នាក់ងារទេសចរណ៍ស៊ី អិស អិល តាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សាកសពមិនត្រូវបានគេស្គាល់នូវអត្តសញ្ញាណ និងអសយដ្ឋាននោះទេ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេតែងតែឃើញជនរងគ្រោះវ័យចំណាស់ខាងលើនេះ ជិះស៊ីក្លូមកឈប់លើចិញ្ចើមផ្លូវ នៅចំណុចកើតហេតុ ជារៀងរាល់ម៉ោង៧នាពេលព្រលប់ ដើម្បីសម្រាក ហើយតែងភ្ញាក់ក្រោកឡើងវេលាម៉ោង៦ព្រឹក នឹងចេញទៅធាក់ស៊ីក្លូដឹកម៉ូយដូចសព្វដង។

ប្រភពដដែលបានបន្តទៀតថា លុះនៅព្រឹកកើតហេតុ ខុសពីថ្ងៃធម្មតា គឺគាត់បានសម្រាននៅលើស៊ីក្លូរបស់គាត់រហូតដល់ម៉ោង៧ព្រឹក ដោយមានការសង្ស័យ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បានដើរទៅដាស់ ស្រាប់តែឃើញគាត់ស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋាន ។

បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច្ច័យសាកសព ដល់កន្លែងកើតហេតុ និងយកទៅតម្កល់ទុក រង់ចាំសាច់ញាតិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់