ព័ត៌មានជាតិ

ជនជាតិចិន បើករថយន្តបោះពួយយ៉ាងលឿន ជ្រុលបុកគូទហាយលែនឌ័រ បណ្តាលឲ្យខ្ទាតទៅបុកស្តារ៉ិច១គ្រឿងទៀត រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ ស្រវឹងជោកជាំ បើកបររថយន្តរ៉េនរ៉ូវើមួយគ្រឿង បោះពួយមិនប្រយ័ត្ន ក៏ជ្រុលទៅបុកពីក្រោយរថយន្តហាយលែនឌ័រ ដែលកំពុងបត់ត្រឡប់ក្រោយ និងខ្ទាតទៅបុករថយន្តស្តារ៉ិចមួយគ្រឿងទៀត ដែលបើកបញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចក្បែរស្តុបផ្សារដើមគ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿង ម៉ាកហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BA-7807 ។ ដែលធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ទិសដៅពីស្ទឹងមានជ័យ ទៅផ្សារដើមគ ។ លុះមកដល់ចំណុចកើតហេតុ រថយន្តនោះក៏បត់ឆ្វេងបំណងត្រឡប់ទៅក្រោយវិញ ខណ:កំពុងបត់បានបន្តិច ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាករ៉េនរ៉ូវើ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2M-5279 ដែលបើកបរដោយបុរសជាជនជាតិចិនម្នាក់ ស្រវឹងជោកជាំ ក្នុងល្បឿនយ៉ាងលឿនស្របទិសគ្នា តាមពីក្រោយរថយន្តហាយលែនឌ័រ រួចដោយមិនប្រយ័ត្នរថយន្តរ៉េនរ៉ូវើ ក៏ជ្រុលទៅបុកពីក្រោយរថយន្តហាយលែនឌ័រពេញទំហឹង បណ្តាលឲ្យរថយន្តហាយលែនឌ័រ ខ្ទាតបែរក្បាលត្រឡប់ក្រោយ និងបានខ្ទាតទៅបុកចំទ្វារខាងឆ្វេងរថយន្តមួយគ្រឿងទៀត ម៉ាកស្តារ៉ិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AV-2158 ដែលបើកបរជាលក្ខណ:គ្រួសារ បីទៅបួននាក់ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ក្នុងទិសដៅ បញ្ច្រាសទិសគ្នា បណ្តាលឲ្យក្រពិតរងការខូចខាត ។ ចំណែកឯរថយន្តហាយលែនឌ័រ បានរងការខូចខាត ផ្នែកខាងក្រោយ ស្ទើរទាំងស្រុង រីឯរថយន្តរ៉េនរ៉ូវើ បានរងការខូចខាតក្រពិតផ្នែកយ៉ាងដំណំ ។ ភ្លាមៗនោះបុរសជាជនជាតិចិន ដែលបើកបររថយន្តបង្ក ក៏បានបើកទ្វាររថយន្តចុះ បម្រុងគេចខ្លួនចេញពីកន្លែងកើតហេតុ ។ តែក៏ត្រូវបានប្រជាពលរដ្ឋ និងម្ចាស់រថយន្តរងគ្រោះ ចាប់និងប្រគល់ទៅឲ្យសមត្ថកិច្ចមូលដ្ឋាន ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញក៏បានធ្វើការវាស់វែង និងស្ទូចយករថយន្តទាំង៣គ្រឿង ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់ នៅពេលក្រោយជាបន្តទៀត ៕

មតិយោបល់