កណ្តាលៈ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១២និង៣០នាទី ចំណុចភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានករណី អាវុធខ្លីមួយដើមម៉ាកCF98 វាយទៅលើជនរងគ្រោះឈ្មោះ ច្រឹក ស៊ីណា ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បណ្តាលឲ្យរងរបួស។
ជនសង្ស័យឈ្មោះ ហេង គាហុង ភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកមន្ទីរសម្រាកព្យាបាលនិងសម្ភព សុខ ម៉េង (គ្លីនិចឯកជន) នៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) (យោធា)។
ផលប៉ះពាល់ៈ របួសបែកក្បាលផ្នែកខាងឆ្វេង លេីត្រចៀក ១កន្លែង ដេរ០៣ថ្នេរ។
វត្ថុតាងចាប់យក៖ អាវុធខ្លីមួយដើមម៉ាកCF98 លេខ006009 មានបង់ចំនួនមួយ និង គ្រាប់ចំនួនមួយ។
តាមប្រភពព័ត៌មាន នៅមុនពេលកើតហេតុថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៦និង០០នាទី ជនរងគ្រោះបានទៅយាមជំនួសគេមួយយប់នៅគ្លីនិច សុខ ម៉េង (កន្លែងកេីតហេតុ)។ នៅពេលយាមម៉ោងប្រហែលប្រាំទៀបភ្លឺ ក៏មានមនុស្សប្រុសម្នាក់មកសួរជនរងគ្រោះថាពូសន្តិសុខយាមនៅហ្នឹងរាល់ថ្ងៃទៅណាហើយ ជនរងគ្រោះឆ្លើយថាគាត់សម្រាកមួយថ្ងៃហើយ ដោយខ្ញុំយាមជំនួសវិញ ពេលនោះមនុស្សប្រុសម្នាក់នោះបានខ្ចីលុយពីជនរងគ្រោះចំនួន ៣,០០០៛ (បីពាន់រៀល) ជនរងគ្រោះក៏ឱ្យលុយខ្ចីចំនួនបីពាន់រៀល ហើយមនុស្សប្រុសនោះក៏ដើរចេញទៅវិញដោយឃើញមានពាក់ស្បែកជើងចេញទៅដែរ។ លុះដល់ម៉ោង០៦ព្រឹកទើបជនរងគ្រោះចេញទៅផ្ទះវិញទៅ។
រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៨និង០០នាទីព្រឹក ជនសង្ស័យបានបាត់ស្បែកជើងស៊កស្បែកចំនួនមួយគូ ដែលដោះទុកនៅមាត់ទ្វារចូលគ្លីនិចរបស់ខ្លួនធ្វើការ ដោយជនសង្ស័យគិតថាបងប្អូនអ្នកជម្ងឺយកពាក់សិនទើបមិនរក។ រហូតដល់ម៉ោង៨និង០០នាទីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ មិនឃើញស្បែកជើងទៀត ក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើល ឃើញបុរសម្នាក់បានឈរនិយាយជាមួយជនរងគ្រោះ និង ហុចលុយឱ្យជនរងគ្រោះ ហើយបុរសនោះបានពាក់យកស្បែកជើងរបស់ជនសង្ស័យដើរចេញទៅ។ បន្ទាប់ពីឆែកកាេមរ៉ាសុវត្ថិភាពហើយ ជនសង្ស័យបានទាក់ទងទៅខាងក្រុមហ៊ុនសន្តិសុខ ដើម្បីហៅជនរងគ្រោះមកជជែកគ្នាឲ្យដឹងសាច់រឿង។ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទីព្រឹក ជនសង្ស័យបានណាត់ជាមួយក្រុមហ៊ុនសន្តិសុខឲ្យនាំជនរងគ្រោះមកជជែកគ្នានៅក្នុងគ្លីនិច តែមិនឃើញមកសោះ ទើបជនសង្ស័យខឹងក៏ជិះឡានទៅផ្ទះនៅម្ដុំផ្សារជម្ពូវ័ន រាជធានីភ្នំពេញវិញទៅ។ រហូតដល់ម៉ោងជាង១២និង០០នាទីរសៀលទើបក្រុមហ៊ុនសន្តិសុខទៅដល់គ្លីនិច មិនឃើញជនសង្ស័យ ក៏តេទូរស័ព្ទហៅជនសង្ស័យមកជជែកគ្នាវិញ។ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យទៅដល់គ្លីនិច ឃើញជនរងគ្រោះឈរនៅមុខ ហើយក៏យកកាំភ្លើងខ្លីពីចង្កេះខោមកវាយទៅលើជនរងគ្រោះចំក្បាលផ្នែកខាងឆ្វេងបណ្តាលឲ្យដួល ហើយជនសង្ស័យ ក៏ដើរចូលក្នុងគ្លីនិចបាត់ទៅ ។ ចំណែកជនរងគ្រោះត្រូវបានបុគ្គលិកពេទ្យយកទៅលាងរបួសនិងដេរចំនួនបីថ្នេរ។ បន្ទាប់មកជនរងគ្រោះបានទូរស័ព្ទរាយការណ៍ឱ្យសមត្ថកិច្ច ទើបសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងដើម្បីសាកសួរ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកកាំភ្លើងទៅវាយជនរងគ្រោះពិតមែន ដោយសារខឹងជួលឱ្យមកយាមបែរជាត្រូវគ្នាជាមួយចោរទៅវិញ។
សូមបញ្ជាក់ជូនថា៖ តាមការឆែកកាមេរ៉ាសុវត្ថិភាព ឃើញថាមានមនុស្សប្រុសម្នាក់បានមកហុចលុយឱ្យជនរងគ្រោះ ។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ចាត់ការតាមនីតិវិធី៕
មតិយោបល់