ភ្នំពេញៈ នៅវេលាម៉ោង ៤និង២០នាទីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកខ្សាច់បុកម៉ូតូពីក្រោយ បណ្ដាលឲ្យអ៊ំប្រុសម្នាក់ដាច់ជើងម្ខាងរងរបួសធ្ងន់ ហេតុការណ៍នេះ កើតឡើងតាមបណ្ដោយផ្លូវ២១៧ ម្ដុំស្ពានដែកចំការដូង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
អ្នកបើកបររថយន្តបង្កឈ្មោះ ឃុន ទីឡុង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាអ្នកបើករថយន្ត ស្នាក់នៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមិនត្រូវបានស្គាល់ទេ បើកបរម៉ូតូម៉ាក ហុងដាឌ្រីមសង់។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ ធ្វើដំណើរតាមបណ្ដោយផ្លូវខាងលើ ពីត្បូងទៅជើងឆ្លងស្ដុបចំការដូង ស្របពេលនោះរថយន្តបង្កក៏បើកបត់ឆ្វេងឡើងមកលើផ្លូវ២១៧ យ៉ាងលឿន បណ្ដាលឲ្យជ្រុលបុកម៉ូតូជនរងគ្រោះអូសជាច្រើនម៉ែត្រ ដាច់ជើងរងរបួសធ្ងន់តែម្ដង។ បន្ទាប់ពីកើតហេតុភ្លាមៗ អ្នកបើកបរត្រូវសមត្ថកិច្ចឃាត់ខ្លួន ចំពោះជនរងគ្រោះ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯវត្ថុតាង កម្លាំងជំនាញចុះដល់ទីតាំងធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕
មតិយោបល់