ព័ត៌មានជាតិ

កម្លាំងនគរបាលចាប់ខ្លួនជនឆបោកតាមទូរស័ព្ទជាង៧ពាន់ដុល្លារ ដោយប្រាប់ជនរងគ្រោះថា ត្រូវរង្វាន់ពីធនាគា

ជនឆបោកតាមទូរស័ព្ទម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវចាប់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅ​តុលាការកាលពី​ថ្ងៃទី​២០ ខែកុម្ភ: ឆ្នាំ​២០២២នេះ ក្នុងករណីឆបោក​យកលុយ៧២០០ដុល្លារអាមេរិច ពី​គណនេយ្យ​របស់​ជនរងគ្រោះ ដោយ​ប្រាប់ជនរងគ្រោះថា ជនរងគ្រោះបានត្រូវពីក្រុមហ៊ុន អេស៊ីលីដា ។
ជន​សង្ស័យមានឈ្មោះ យ​ត ដា​ណែ​ត ហៅ ង៉ែត ភេទ​ប្រុស អាយុ៣៥ឆ្នាំ មុខរបរមិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ចំណែកជន​រងគ្រោះមានឈ្មោះ ជាង យី ភេទ​ប្រុស អាយុ៧១ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៧​អឺ​០+៩​អឺ​០ ផ្លូវ​លេខ​១៣៦ ភូមិ​២ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មុខរបរ នាយក​សាលា ELT ។
លោក​វរ:សេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការ​ដ្ឋាននគរបាលរាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៦ ខែកុម្ភ: ឆ្នាំ​២០២២ កម្លាំង​ការិយាល័យ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យនៅ​ចំណុច​ផ្ទះសំណាក់ ​ឌី​មនោ​រម្យ ផ្លូវ​លេខ​៣៧១ សង្កាត់​បឹង​ទំពុន២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​បទល្មើស ឆបោក (​អះអាង​តាម​ទូរ​សព្ទ័​ប្រាប់​ជន​រងគ្រោះ​ថា ខ្លួន​ជា​បុគ្គលិក​ធនាគារ​អេស៊ីលីដា រូ​ច​ណែនាំ​ឲ្យ​ជនរងគ្រោះ​បំពេ​ញ​លក្ខខ័ណ្ឌ​តាម​ការ​ណែនាំ​របស់ខ្លួន ហើយ​ដកយក​ប្រាក់​ចំនួន​៧ ២០០ ដុល្លារ​អាមេរិក ពី​ក្នុង​គណនេយ្យ​ធនាគារ​អេស៊ីលីដា​របស់​ជនរងគ្រោះ​) ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​វេលា​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ ។
ក្នុងការចាប់ខ្លួន​នោះ ​សមត្ថកិច្ច​បាន​ចាប់យក​វត្ថុតាង ទូរ​សព្ទ័​ដៃ​ម៉ាក​សាំ​សុង​អា​១០​អេស ពណ៌ខ្មៅ ស៊ីម​កាត​លេខ ០៨៦ ៥០០ ០៥០ ចំនួន​១ គ្រឿង ។
លោក ប៊ុន សត្យា បន្ថែមថា កាលពី​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ២០២១ ជនសង្ស័យ​មានគ្នាចំនួន​៣ នាក់ មានឈ្មោះ យ​ត ដា​ណែ​ត ហៅ ង៉ែត ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ និង​បក្ខពួក​ឈ្មោះ ប៊ី ភេទ​ប្រុស អាយុ​ប្រហែល​៣៧ ឆ្នាំ និង​ឈ្មោះ ស្នា ភេទ​ប្រុស អាយុ​ប្រហែល​២៨ឆ្នាំ ដោយ​ជនសង្ស័យ​ឈ្មោះ ស្នា បាន​ប្រើ​លេខ​ទូរ​សព្ទ័​ដៃ​លេខ ០៦១ ៦៦០ ៣៧៣ និង​លេខ ០១១ ៤៩៥ ៣២១ តេ​ទាក់ទង​ទៅ​ទូរ​សព្ទ័​ដៃ​ជន​រងគ្រោះ ដោយនិយាយ​ប្រាប់​ជនរងគ្រោះ​អំពី​សេវាកម្ម​អេស៊ីលីដា​ម៉ូ​ប៊ែ​ល ថា​មាន​ទឹកប្រាក់​ជា​រង្វាន់ ដោយ​ណែនាំ​ឲ្យ​អតិថិជន​ចូលទៅក្នុង​កម្មវិធី​អេស៊ីលីដា​ម៉ូ​ប៊ែ​ល រួច​ចុច​ប៊ូ​តុង​ដក​ប្រាក់​រហ័ស ដើម្បី​ដក​ប្រាក់ ដោយ​កុហក​ជនរងគ្រោះ​ថា ជា​ទឹកប្រាក់​រង្វាន់ ពេល​ជនរងគ្រោះ​បញ្ចូល​ទឹកប្រាក់​ហើយ ឲ្យ​ចុច​លើ​ពាក្យ​ថា បង្កើតចំនួន​៨ដង ពេលនោះ​ទឹកប្រាក់​នៅក្នុង​គណនី​រប​ស់ជន​រងគ្រោះ​ត្រូវបាន​ផ្ទេរចេញ​ដោយ​ធនាគារ​អេស៊ីលីដា ហើយ​ធនាគារ​អេស៊ីលីដា នឹង​ផ្ញើ​លេខ​កូដ​សម្ងាត់​ចំនួន​៦​ខ្ទង់ ត្រឡប់មកវិញ។ ពេលនោះ​ឈ្មោះ ស្នា បាន​សួរ​ជនរងគ្រោះ​ថា មាន​ឃើញ​លេខ​សម្ងាត់​ចំនួន​៦​ខ្ទង់ បង្ហាញ​លើ​ទូរ​សព្ទ័​ដៃ​ជនរងគ្រោះ​ដែរឬទេ បើ​ឃើញ​សូម​អាន​លេខ​សម្ងាត់​ចំនួន​៦ ខ្ទង់​នោះមក​ប្រាប់​គេ​(​ជនសង្ស័យ​) បន្ទាប់ពី​ជនរងគ្រោះ​បាន​អាន​លេខ​សម្ងាត់​ចំនួន​៦ខ្ទង់​ប្រាប់​ឈ្មោះ ស្នា បាន​ឲ្យ​ទៅ​ឈ្មោះ យ​ត ដា​ណែ​ត ហៅ ង៉ែត កត់​លេខ​សម្ងាត់​ដែល​ជនរងគ្រោះ​ប្រាប់ រួច​ឈ្មោះ យ​ត ដា​ណែ​ត ហៅ ង៉ែត ប្រាប់​លេខ​កូដ​សម្ងាត់​នេះ​ទៅ​ឈ្មោះ ប៊ី ដែល​អង្គុយ​រង់ចាំ​នៅ​ទូរ​អេ​ធី​អឹម​របស់​ធនាគារ​អេស៊ីលីដា​ជាស្រេច​នោះ ក៏ដក​ប្រាក់​តាម​លេខ​សម្ងាត់ យក​ពី​គណនី​របស់​ជនរងគ្រោះ​បាន​ចំនួន​៧ ២០០ ដុល្លារ​អាមេរិក រួច​គេចខ្លួនបាត់៕

មតិយោបល់