ភ្នំពេញៈ មានករណីនារីខូចចិត្តរឿងស្នេហាម្នាក់ ស្រលាញ់ភេទដូចគ្នា តូចចិត្តនិងខ្លួនឯង ដោយសង្សារខ្លួនទាក់ទងគ្នាយូរមកហើយ បែរជាបែកចិត្តទៅស្រលាញ់មនុស្សប្រុសវិញ ធ្វើឲ្យខ្លួនខូចចិត្តបានត្រឹមអង្គុយយំសោកតែម្នាក់ឯង ខណៈពេលកំពុងតែខូចចិត្ត ក៏មានជនឆ្លៀតឱកាស បាននិយាយលួងលោមនិងបន្លំលួចយកទូរស័ព្ទខ្លួនទៀត ធ្វើឲ្យគាត់សុញគំនិតគិតអ្វីលែងចេញ ក៏សម្រេចចិត្តមកលោតទឹកលើស្ពានជ្រោយចង្វា ប៉ុនប៉ងបញ្ចប់ជីវិតខ្លួន តែមិនបានសម្រេច ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៤៩នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វាចាស់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នារីខូចចិត្តរឿងស្នេហា ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន មិនប្រាប់ពីអត្តសញ្ញាណខ្លួនឡើយ ។
ប្រភពពីនារីរងគ្រោះផ្ទាល់បានបង្ហើបប្រាប់ឲ្យដឹងថា រូបគាត់ជាមនុស្សស្រឡាញ់ភេទដូចគ្នា ហើយមូលហេតុ ដែលធ្វើឲ្យខ្លួនតូចចិត្តគិតខ្លី ប៉ុនប៉ងបញ្ចប់ជីវិតខ្លួនបែបនេះ គឺដោយសារតែខ្លួនតាមទាន់សង្សារកំពុងលួចទាក់ទង បង្កាត់ភ្លើងស្នេហ៍ជាមួយសង្សារថ្មី ជាមនុស្សប្រុសនៅមុខខ្លួន ស្នាក់នៅម្តុំផ្សារសូរិយា ។ ដោយតាមទាន់ផ្ទាល់ភ្នែក ឃើញរូបភាពបែបនេះ ខ្លួនមិនអាចទទួលយកបាន ទើបធ្វើឲ្យគាត់ខូចចិត្ត បានត្រឹមអង្គុយយំសោកសៅតែម្នាក់ឯង នៅក្រោមផ្ទះក៏មានបុរសមិនស្គាល់អត្តសញ្ញាណ បានចូលមកលួងលោមខ្លួន និងបានបន្លំលួចយកទូរស័ព្ទខ្លួនមួយគ្រឿងម៉ាក vivo គេចខ្លួនបាត់ស្រមោល ។ ធ្វើឲ្យខ្លួនតែលតោលសង្សារក៏បោះបង់ខ្លួនចោល ទូរស័ព្ទក៏គ្មាន រកអ្វីទាក់ទងទៅអ្នកផ្ទះ នៅស្រុកកំណើតមិនបាន សុញគំនិតគិតអ្វីលែងចេញ ក៏សម្រេចចិត្តមកលោតទឹកលើស្ពានជ្រោយចង្វា ប៉ុនប៉ងបញ្ចប់ជីវិតខ្លួន តែមិនបានសម្រេច ព្រោះមានអ្នកជួយឃាត់នាងទាន់ពេលវេលា ។
ក្រោយកើតហេតុនារីគិតខ្លីខាងលើ ត្រូវសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាលស្រះចក ធ្វើការណែនាំ និងទាក់ទងហៅសាច់ញាតិឲ្យទទួលនាងត្រឡប់ទៅវិញ៕
មតិយោបល់