ព័ត៌មានជាតិ

ជនជាតិចិន បើករថយន្តឡិចស៊ីស RX330 ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់១កង់

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ បើករថយន្តមួយគ្រឿង សង្ស័យស្រវឹងស្រា បើកបោះពួយយ៉ាងលឿន ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់១កង់ខ្ទាតចេញពីគ្នា រថយន្តបង្កដាច់កង់ម្ខាង ទៅមុខលែងរួច សំណាងល្អមិនមានអ្នករបួស ។

ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង១០និង២០នាទីយប់ថ្ងៃច័ន្ទទី៤ ខែមករា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំណុចសាលាដំបូងរាជធានីភ្នំពេញ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

យោងតាមប្រភពពីសមត្ថកិច្ច យាមប្រចាំការនៅគោលដៅខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តឡិចស៊ីស RX330 ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2M 8159 ធ្វើដំណើរទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុ បានជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់១កង់ ចំណែករថយន្តបង្កដាច់កង់មុខម្ខាងទៅលែងរួច ។ ចំណែកម្ចាស់រថយន្តមិនបានរត់គេចខ្លួននោះទេ ត្រូវសមត្ថកិច្ចមូលដ្ឋាននាំខ្លួនយកទៅអធិការដ្ឋានខណ្ឌ៧មករា រង់ចាំប្រគល់ឲ្យជំនាញបន្ត ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញ វាស់វែងយករថយន្តបង្ក និងអ្នកបើកបរទៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់