ព័ត៌មានជាតិ

បង្ក្រាបជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជិះម៉ូតូធ្វើសកម្មភាព ឆក់យកខ្សែកប្លាទីន

បាត់ដំបង: ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ ពីលោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នឹងមានការសម្របសម្រួលទៅលើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៥និង៣០នាទី ចំណុចក្រុម២០ ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ វេគឹម ចត់ អធិការរងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងចុះប្រតិបត្តិការ បង្ក្រាបករណីអំពើលួច មានស្ថានទម្ងន់ទោស (ចោរឆក់យកខ្សែក) មួយករណីដែលបង្កដោយជនសង្ស័យឈ្មោះ ឈាន វិច្ឆិកា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិតាស៑ង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ជនរងគ្រោះឈ្មោះ ធួក ចាន់នី ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅក្រុម១៨ ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។
ជនរងគ្រោះនិងជនសង្ស័យជិះម៉ូតូនៅលើផ្លូវក្រាលកៅស៊ូ ស្របទិសគ្នាដល់ចំណុចកើតហេតុខាងលើ ជនសង្ស័ឈ្មោះ ឈាន វិច្ឆិកា បានជិះទៅជិតជនរងគ្រោះឈ្មោះ ធួក ចាន់នី ក៏បានឆក់យកខ្សែកពីជនរងគ្រោះ (ខ្សែកប្លាកទីនតម្លៃ៦៥០០០០រៀល (ប្រាំមួយសែនប្រាំម៉ឺនរៀល) ។ ម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព ម៉ាកហុងដា វេវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ផ្លាកលេខបាត់ដំបង ១AL-៣២៦២ ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងឃាត់ខ្លួនកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់