ព័ត៌មានជាតិ

ពលរដ្ឋព្រួយបារម្ភ បុរសឥណ្ឌាដើរត្រាច់ចរពេញក្រុងបានលុង

រតនគិរីៈ បុរសឥណ្ឌាម្នាក់បានដើរតាមមុខផ្ទះប្រជាពលរដ្ឋក្នុងក្រុងបានលុង ទាំងមានស្នាមរបួសពេញដងខ្លួន នឹងក្បាល ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនព្រួយបារម្ភ និងសុំឲ្យមានការអន្តរាគមន៍ពីស្ថានទូតឥណ្ឌារកវិធីព្យាបាល ឬក៏បញ្ជូនគាត់ទៅប្រទេសកំណើតវិញ។

បុរសឥណ្ឌាម្នាក់ដែលគេមិនស្គាល់ឈ្មោះ និងស្នាក់នៅទីណា កំពុងតែដើរសុំបាយប្រជាពលរដ្ឋហូប និងដើរត្រាច់ចរតាមដងផ្លូវនៅកណ្តាលក្រុងបានលុង ហាក់ដូចជា មនុស្សវិកលចរិកក្នុងសកម្មភាពជាក់ស្តែងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១០ព្រឹកសារព័ត៌មានយើងបានជួបគាត់ផ្ទាល់នៅតាមដងផ្លូវសាធារណៈក្នុងក្រុងបានលុងបានសួរនាំគាត់ពីមូលហេតុស្នាមរបួសដងខ្លួន និងធ្លាក់ខ្លួនក្នុងសភាពបែបនេះ ក៏ប៉ុន្តែគាត់អត់ចេះខ្មែរទេ ហើយរបួសពេញខ្លួននេះគាត់បានដួលម៉ូតូ៣-៤ខែមកហើយ ត្រូវបានមិត្តភក្តិដេញចេញមិនឲ្យនៅជាមួយ ហើយគាត់មិនបានបញ្ជាក់ពីឈ្មោះ និងអាយុប៉ុន្មាននោះដែរ ព្រោះគាត់និយាយខ្មែរបានមួយម៉ាត់ៗ មិនដឹងជាស្នាក់នៅកន្លែងណាទេ ។

ពេលនេះប្រជាពលរដ្ឋជាច្រើនគ្រួសារបានសំណូមពរឲ្យអាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តារកវិធីព្យាបាលរបួស និងបញ្ជូនគាត់ទៅប្រទេសដើមវិញ។ ពួកគាត់បានបន្តទៀតថា ជនជាតិឥណ្ឌាមួយនេះជាភ្ញៀវមកលេងស្រុកខ្មែរយើងដល់ពេលគាត់ធ្លាក់ខ្លួនក្នុងប្រការណាមួយ គួរតែសមត្ថកិច្ចពាក់ព័ន្ធយកចិត្តទុកដាក់ផង កុំបណ្តែតបណ្តោយឲ្យជនរបស់បរទេសផ្សេងទៀតវាយតម្លៃមកលើសមត្ថកិច្ចរបស់ខ្មែរ ហើយពួកគាត់សំណូមពរឲ្យសារព័ត៌មាន POST NEWS ចុះផ្សាយឲ្យស្ថានទូតឥណ្ឌាបានដឹងផង និងជួយសង្គ្រោះគាត់ផង៕

inda (1)inda (2)inda (3)inda (4)inda (5)

មតិយោបល់