ព័ត៌មានជាតិ

សេចក្តីជូនដំណឹងដល់មហាជនឲ្យប្រុងប្រយ័ត្នករណីបន្លំបោកប្រាស់ការទិញផលិតផលតាមប្រព័ន្ធអនឡាញ

កំពត: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តកំពតសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថាថ្មីៗនេះមានករណីបន្លំបោកប្រាស់ការទិញលក់តាមប្រពន្ធ័អនឡាញ(Online)ជាបន្តបន្ទាប់ដោយជនល្មើសបានបង្កើតគណនីហ្វេសប៊ុកក្លែងរបស់ហាងផ្សេងៗជាច្រើននិងបានផ្សព្វផ្សាយលក់ផលិតផលនានាតាមប្រព័ន្ធអនឡាញឱ្យទៅអតិថិជនរបស់ខ្លួន។
នៅពេលដែលមានអតិថិជនសាកសួររកទីតាំងធ្វើអាជីវកម្មជនល្មើសបានផ្ញើទីតាំងរបស់ហាងលក់ផលិតផលត្រឹមត្រូវនិងរូបភាពបង្ហាញប្រាប់អតិថិជនដើម្បីជាការបន្លំបោកប្រាស់ឱ្យអតិថិជនមានជំនឿនិងផ្ញើរប្រាក់មកឱ្យខ្លួនតាមរយ:ការទិញលក់ផលិតផលផ្សេងៗនេះប៉ុន្តែពេលទទួលបានប្រាក់ពីអតិថិជនហើយជនសង្ស័យមិនបានផ្ញើរផលិតផលនោះឱ្យទៅអតិថិជនទេ។
សកម្មភាពបន្លំបោកប្រាស់តាមរូបភាពខាងលើនេះបានធ្វើឱ្យមហាជនឬអតិថិជនដែលរងគ្រោះដោយការក្លែងបន្លំនេះបានធ្វើឲ្យជនរងគ្រោះយល់ច្រឡំជាខ្លាំងទៅលើម្ចាស់ហាងត្រឹមត្រូវពិតប្រាកដថាជាអ្នកប្រព្រឹត្តសកម្មភាពបែបនេះទៅវិញ។
ដូចនេះស្នងការដ្ឋាននគរបាលខេត្តកំពតសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋពិសេសបងប្អូនអ្នកនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាចូលរួមសហការផ្សព្វផ្សាយបន្តដើម្បីឱ្យមហាជនទូទៅបានជ្រាបជាព័ត៌មាននិងកុំឱ្យមានការចាញ់បោកជនខិលខូចខាងលើជាបន្តទៀតម្យ៉ាងទៀតក៏ជាការក្រើនរំលឹកដល់មហាជនគ្រប់មជ្ឈដ្ឋានមេត្តាមានការប្រុងប្រយ័ត្នបំផុតចំពោះករណីបោកប្រាស់ដែលកើតឡើងដោយការ(ទិញ-លក់)សម្ភារឧបករណ៍ផ្សេងៗតាមរយ:ប្រព័ន្ធអនឡាញ(Online)នេះសូមមេត្តាចូលរួមសហការណ៍ផ្តល់ព័ត៌មានដើម្បីឈានទៅវែកមុខជនខិលខូចខាងលើយកមកផ្តន្ទាទោសតាមផ្លូវច្បាប់និងឈានទៅលុបបំបាត់ឲ្យបាននូវបណ្តាបទល្មើសដូចលើកឡើងខាងលើនេះ៕
អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

 

មតិយោបល់