ភ្នំពេញៈ បុរសម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹងនៅផ្ទះបងប្អូន ក៏ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ខឹងចិត្តក៏ឡើងបើកម៉ូតូកង់បី បើកចេញទៅដល់ពាក់កណ្ដាលស្ពានជ្រោយចង្វា ក៏សម្រេចចិត្តលោតទឹកបញ្ចប់ជីវិតខ្លួនឯងតែម្តង ដោយបន្សល់ទុកនូវស្បែកជើងមួយគូ និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង នៅលើស្ពាននោះតែប៉ុណ្ណោះ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វាថ្មី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មាន ពីបងប្រុសបង្កើតឈ្មោះ សំ ឧត្ដម បានប្រាប់ឲ្យដឹងថា បុរសដែលលោតទឹកសម្លាប់ខ្លួននោះ ត្រូវជាប្អូនប្រុសបង្កើតរបស់គាត់ឈ្មោះ សំ បញ្ញា អាយុ២៤ឆ្នាំ មុខរបររត់ម៉ូតូកង់បីឥណ្ឌា បច្ចុប្បន្នស្នាក់នៅផ្ទះជួល នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាមួយប្រពន្ធ ។ មានស្រុកកំណើតនៅភូមិព្រៃតាបេស ឃុំពោធិ៏ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ប្រភពដដែលបានបន្តថា មុនកើតហេតុ គឺបុរសគិតខ្លីខាងលើ និងប្រពន្ធបានទៅផឹកស៊ីនៅផ្ទះគាត់ ក្នុងសង្កាត់ព្រែកលាប ដើម្បីពិភាក្សាគ្នារឿងធ្វើបុណ្យខួបគម្រប់៣ឆ្នាំ ឲ្យម្តាយនៅថ្ងៃទី៧ ខែមករា ខណៈពេលហូបចុកស្រវឹង ស្រាប់តែប្អូនប្រុសគាត់បានឈ្លោះប្រកែកពាក្យសម្តីគ្នា ជាមួយប្រពន្ធគាត់ ហើយប្អូនប្រុសគាត់ខឹងក៏ឡើងបើកម៉ូតូកង់បីចេញទៅបាត់ ដោយមិនប្រាប់អ្នកណាឡើយ លុះរំលងដល់ម៉ោង៩យប់ ក៏មានសមត្ថកិច្ចទាក់ទងទៅប្រពន្ធបុរសរងគ្រោះ ប្រាប់ថាបុរសនោះបានលោតទឹកសម្លាប់ខ្លួនបាត់ទៅហើយ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគឺពួកគាត់ឃើញបុរសខាងលើ ជិះម៉ូតូកង់មួយគ្រឿង ពណ៌ស លាយក្រហម ពាក់ផ្លាកលេខភ្នំពេញ 1HJ-8498 ធ្វើដំណើរឡើងស្ពានជ្រោយចង្វា ទិសដៅពីកើតទៅលិច មកដល់ពាក់កណ្តាលស្ពាន ក៏ឈប់ម៉ូតូកង់បីអែបកៀន រួចក៏លោតចុះតែម្តង ដោយបន្សល់ទុកស្បែកស៊កមួយគូ នៅក្បែរបង្កាន់ដៃស្ពាន និងម៉ូតូកង់បីមួយគ្រឿង ។
ក្រោយកើតហេតុនៅសល់ម៉ូតូកង់បី ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលស្រះចក រង់ចាំសាច់ញាតិយកឯកសារមកបញ្ជាក់ ដើម្បីយកម៉ូតូកង់បីនោះត្រឡប់ទៅវិញ ចំណែកប្រពន្ធបានត្រឹមស្តាយស្រណោះ និងជួលទូកគេស្វែងរកសពបុរសនោះ មកធ្វើបុណ្យតាមប្រពៃណីតែប៉ុណ្ណោះ៕
មតិយោបល់