ភ្នំពេញៈ បុរសជនជាតិចិនម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀត បើករថយន្តស៊េរីទំនើបម៉ាក ផច មួយគ្រឿង បុកជាមួយរថយន្តកាមរីបាឡែន ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតទាំងសងខាង។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២២៥ កែងហ្នឹងផ្លូវ១១២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀត បើករថយន្តស៊េរីទំនើបម៉ាក ផច មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-5566 ធ្វើដំណើរតាមបណ្ដោយផ្លូវ១១២ ទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុខាងលើផ្លូវបែកជាបួនបានជ្រុលទៅបុកជាមួយរថយន្តកាមេរីបាឡែន ពណ៌ទឹកប្រាក់ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Q-8860 បើកបរដោយបុរសជនជាតិខ្មែរម្នាក់ធ្វើដំណើរតាមដងផ្លូវ២២៥ ទិសដៅពីត្បូងទៅជើងបញ្ឆិតផ្នែកខាងមុខរថយន្តកាមេរីបាឡែន បណ្ដាលឲ្យធ្លាក់កាង មួយចំហៀង ចំណែកស្លាកលេខជាប់ទៅនឹងកង់រថយន្តម៉ាក ផច និងបណ្តាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយភាគីទាំងសងខាង សុំធ្វើការសម្រុះសម្រួលគ្នា បន្ទាប់មកខាងភាគីបុរសជនជាតិចិន បានចេញសំណងទៅភាគីបុរសជនជាតិខ្មែរចំនួន ២០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
មតិយោបល់