ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍និរោធឃាត់ខ្លួន ពាក់ព័ន្ធករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកដទៃ នៅទីតាំងពីរកន្លែងផ្សេងគ្នា ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ករណីទី១ ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ថ្ងៃទី០៦-០១-២០២១ វេលាម៉ោង១៦និង៣០នាទី ។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ សុខ ដាវី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានចុះល្បាតក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ។ លុះមកដល់ចំណុចកើតហេតុ ក៏ជួបជនសង្ស័យកំពុងជិះម៉ូតូម៉ាក Honda Wave ពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ 1D-3415 ។ ដោយមានការសង្ស័យក៏ឃាត់ត្រួតពិនិត្យរកឃើញ កន្ត្រៃកាត់ដែក១, ម៉ូទ័រ១, ញញួរដែក១ និងកូនសោគ្រាប់មួយឈុត ដែលជនសង្ស័យលាក់ក្នុងកាបូបស្ពាយពណ៌ខ្មៅស្ពាយជាប់ខ្នង ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់ ។
ករណីទី២៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ នៅចំណុចមុខផ្ទះគ្មានលេខ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី ។
ជនសង្ស័យឈ្មោះ ចៅ គី ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមម៉ាកក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។
មុនពេលឃាត់ខ្លួន កម្លាំងបានចុះល្បាតក្នុងមូលដ្ឋាន មកដល់ចំណុចកើតហេតុ ក៏ជួបជនសង្ស័យកំពុងជិះម៉ូតូម៉ាក Honda Click ពណ៌ខ្មៅលាយទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1GP-2795 ។ ដោយមានការសង្ស័យ កម្លាំងបានឃាត់ត្រួតពិនិត្យរកឃើញវត្ថុតាងរួមមាន ៖ កូនសោខ្សៀរលេខ៨ ចំនួន១, កូនសោខ្សៀលេខ១០ ចំនួន១, កូនសោលេខ១២ ចំនួន១, សោម៉ាលេត១ និង ដង្កាប់១ ដែលជនសង្ស័យលាក់ក្រោមកែបម៉ូតូ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់ ។
ជនសង្ស័យទាំង២នាក់ ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀន ៕
មតិយោបល់