ព័ត៌មានជាតិ

អាសូរណាស់! ស្រ្តីវ័យចំណាស់ម្នាក់ ធ្វើការនៅឡឥដ្ឋ ដេកស្លាប់ក្រោមផ្ទះរបស់ខ្លួន

​កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២០៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ មានករណីខ្យល់គ (ស្លាប់) វេលាម៉ោង០៨និង៣០នាទី ចំណុចលើគ្រែក្រោមផ្ទះជនរងគ្រោះក្នុងបរិវេណឡឥដ្ឋ សុង វ៉ា ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ជន ខន ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡឥដ្ឋ ស្រុកកំណើតនៅភូមិគោកស្រុក ឃុំតាំងសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ បច្ចុប្បន្នស្នាក់នៅក្នុងបរិវេណឡឥដ្ឋ សុង វ៉ា ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

តាមការបំភ្លឺរបស់ឈ្មោះ សេន ដែន ភេទប្រុស អាយុ៤៩ឆ្នាំ ត្រូវជាប្ដីរបស់ជនរងគ្រោះ បានបញ្ជាក់ថា កន្លងមកជនរងគ្រោះមានជំងឺលើសឈាម រយ:ពេល ០២ខែមកហើយ ហើយជនរងគ្រោះ ពុំបានទិញថ្នាំយកមកលេប ឲ្យបានទៀងទាត់នោះទេ ។ នៅថ្ងៃទី០៥.០១.២០២១ វេលាម៉ោង ២២និង០០នាទី ខ្លួននិងជនរងគ្រោះព្រមទាំងកូនៗ នាំគ្នាហូបបាយជុំគ្នា រួចហើយក៏នាំគ្នាចូលដេក នៅពេលនោះជនរងគ្រោះបានប្រាប់ខ្លួនថា ចេះតែឈឺក្បាល ហើយខ្លួនបានប្រាប់ថា រកប្រេងក្រឡាលាបទៅ ក្រោយពីលាបរួចខ្លួន និងជនរងគ្រោះព្រមទាំងកូននាំគ្នាដេកលក់អស់ ។ រហូតដល់ម៉ោង០៤និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី០៦.០១.២០២១ ខ្លួននិងជនរងគ្រោះបានភ្ញាក់ពីដេកហើយនាំគ្នាអាំងភ្លើងកុំឱ្យរងា លុះដល់ម៉ោង០៥ ខ្លួនបានចេញទៅអូសផេះចេញពីក្នុងឡឥដ្ឋ ចំណែកជនរងគ្រោះនៅអាំងភ្លើងបន្ត ។ លុះដល់វេលាម៉ោង០៧និង៣០នាទី ខ្លួនបានវិលត្រឡប់មកផ្ទះវិញ ហើយបានឃើញប្រពន្ធដេកនៅក្នុងមុងលើគ្រែក្រោមផ្ទះ ពេលនោះខ្លួនពុំបានដាស់ជនរងគ្រោះទេ នឹងមិនចាប់អារម្មណ៍ថាជនរងគ្រោះស្លាប់ ហើយខ្លួនក៏ទៅធ្វើមាន់នៅមុខផ្ទះ រហូតដល់វេលាម៉ោង ០៨និង៣០នាទី កូនរបស់ខ្លួនឈ្មោះ ដែន ចាន់ បានទៅដាស់ជនរងគ្រោះ ទើបដឹងថាជនរងគ្រោះស្លាប់ ហើយក៏ដើរមកប្រាប់ខ្លួន ហើយខ្លួនក៏បានងើបទៅមើលឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែក្រោមផ្ទះ
បន្ទាប់មកក៏បានហៅអ្នកជិតខាងឱ្យជួយមើល ហើយខ្លួនក៏បានតេទូរស័ព្ទប្រាប់ថៅកែឡឥដ្ឋឲ្យបានជ្រាប ។ ហើយម្ចាស់ឡឥដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ។

ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងផ្នែកជំនាញពិនិត្យវិភាគ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ក្រុមប្រឹក្សាឃុំព្រែកអញ្ចាញ មេភូមិ និងគ្រូពេទ្យ ឃុំព្រែកអញ្ចាញ ចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសពជនរងគ្រោះ ។ នៅលើខ្លួនជនរងគ្រោះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ជនរងគ្រោះពិតជាស្លាប់ដោយខ្យល់គប្រាកដមែន ។

បច្ចុប្បន្ន​សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់