ព័ត៌មានជាតិ

ប្រពន្ធរត់ចោលប្តី និងកូន៣ខែ ត្រឡប់មកយកកូនវិញ ប្តីមិនឱ្យដណ្តើមគ្នា ផ្អើលនៅរង្វង់មូលកួចកាណុង

ភ្នំពេញៈ ស្តី្រម្នាក់បានរត់ចោលប្តី និងកូនរបស់ខ្លួន អស់រយៈពេល៣ខែ ស្រាប់តែវិលត្រឡប់មកយកកូនវិញ ត្រូវបុរសជាប្តីមិនចង់ឱ្យ ក៏ដណ្តើមគ្នាផ្អើលនៅត្រង់ចំណុចរង្វង់មូលកួចកាណុង ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២១ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បុរសជាប្តីឈ្មោះ មីន មៃហ៊ាន អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិជ្រោយមេត្រី ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ សម្ផស្ស អាយុ៣៣ឆ្នាំមានស្រុកកំណើតនៅស្រុកគិរីវង្ស ខេត្តតាកែវ បច្ចុប្បន្នរស់នៅគេចពីប្តីស្នាក់នៅម្តុំផ្សារបឹងកេងកង ខណ្ឌបឹងកងកង រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មាន ពីបុរសជាប្តីឱ្យដឹងថា គាត់បានយកគ្នាជាប្តីប្រពន្ធរយៈពេល១២ឆ្នាំ មកហើយមានកូនប្រុសស្រី៣នាក់ ដោយកាលណោះប្តីប្រពន្ធនិងកូនៗគាត់ រស់នៅប្រទេសម៉ាឡេស៊ី ក្រោយមកនៅចុងឆ្នាំ២០១៩ គាត់បានត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ ពេលមកដល់គាត់ជាប្តី ក៏ទៅធ្វើការជាកម្មករសំណង់បាត់ៗពីផ្ទះ ក្រោយមកប្រហែល៣ខែមុន នៅថ្ងៃដែលស្ត្រីជាប្រពន្ធរត់ចោលគាត់ ពេលនោះពួកគាត់ទាំងពីរនាក់ ហូបបាយជាមួយគ្នា រួចស្រាប់តែបាត់ប្រពន្ធរហូត គាត់ក៏បានស្វះស្វែងរកដោយខ្លួនឯង និងប្រកាសតាមប៉ុស្តិ៍វិទ្យុស្វែងរកក៏នៅតែមិនឃើញ លុះដល់ព្រឹកកើតហេតុ ខណៈគាត់បានទៅធ្វើការសំណង់ដូចរាល់ថ្ងៃ ស្រាប់តែប្រពន្ធរបស់គាត់ បានទៅលួចកូនស្រីអាយុ២ឆ្នាំម្នាក់ ដាក់កង់បីចេញពីផ្ទះទៅភ្នំពេញបាត់ ហើយដោយដំណឹងនេះ ម្តាយរបស់គាត់ជាអ្នករត់ទៅប្រាប់គាត់ដល់កន្លែងធ្វើសំណង់តែម្តង ។ ភ្លាមៗ នោះគាត់ជាប្តីក៏ទៅខ្ចីម៉ូតូមួយគ្រឿងពីមិត្តភក្តិ ជិះតាមកង់បីពីមុខកំពូល រហូតដល់គល់ស្ពានជ្រោយចង្វា ត្រើយខាងលិច ក៏ប្រទះឃើញប្រពន្ធ និងកូនកំពុងនៅលើកង់បី ក៏ឈប់ម៉ូតូស្ទុះទៅប្រតាយប្រតប់ ដណ្តើមកូនស្រីមកវិញ តែស្ត្រីជាប្រពន្ធដណ្តើមមកវិញ ប្រទាញប្រទង់គ្នា ទីបំផុតក៏ប្រពន្ធ យកកូនឡើងកង់បី ជិះគេចខ្លួនបាត់ស្រមោល ។

ចំណែកបុរសជាប្តីអស់សង្ឃឹម ក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ៕

មតិយោបល់