ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យរងការខូចខាត និងបាត់បង់ទឹកប្រាក់ជាង៦ពាន់ដុល្លារ

ស្ទឹងត្រែង: កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០១និង៤៥នាទី មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង បណ្តាលឲ្យខាតបង់ទ្រព្យសម្បត្តិ គិតជាទឹកប្រាក់ជាង ៦ពាន់ដុល្លារ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិផាប៉ាង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ខាំ ខុន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ និងប្រពន្ធឈ្មោះ ស៊ីន ណាង អាយុ៤១ ឆ្នាំ រស់នៅភូមិ -ឃុំកើតហេតុ ។ ផ្ទះត្រូវភ្លើងឆេះនេះធ្វើអំពីឈើ ស៊ីម៉ងត៍ខាងក្រោម មានទទឹង ១២x ១៣ បណ្តាលឲ្យខូចខាតទាំងស្រុង និងសម្បត្តិទ្រព្យផ្សេងទៀតដែលត្រូវបាត់បង់មានដូចជា៖ ប្រាក់១៦,០០០,០០០រៀល ,មាសចំនួន១០ជី ,ផ្លាកទីន ១១ជី,ម៉ូតូវេអាហ្វា ចំនួន១គ្រឿង ,ម៉ាស៊ីនកាណូត៤គ្រឿង។

មូលហេតុ៖ ដោយសារផ្ទុះសេសូឡា ។

ករណីខាងលើនេះ វត្តមានកម្លាំងប៉ុស្តិ៍ និងកម្លាំងប្រជាការពារ បានចុះជួយអន្តរាគមន៍ភ្លាមៗ ដោយប្រើម៉ាស៊ីនបូបទឹកអស់ចំនួន៣គ្រឿង ដោយឡានអគ្គិភ័យអធិការស្រុកសៀមប៉ាង ទៅមិនរួច ដោយសារ ផ្ទះប្រជាពលរដ្ឋស្ថិតនៅត្រើយម្ខាងទន្លេ ៕

មតិយោបល់