កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាលជំនាញស្រុកកោះធំ ចុះពិនិត្យសាកសពបុរសម្នាក់ ក្រោយពីមានករណីឆក់ចរន្តអគ្គិសនី បណ្ដាលឲ្យស្លាប់ ដែលករណីនេះ បានកើតឡើង វេលាម៉ោង១២អធ្រាត្រ នៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ នៅចំណុចស្រះត្រីរបស់ឈ្មោះ អ៊ុន ថេ ចុងព្រែកស្រ៊ន ស្ថិតក្នុងភូមិព្រែកម្រេញ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ។
មន្ត្ថីនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពក ជឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ( រត់ឡានតាក់ស៊ី ) មានទីលំនៅភូមិព្រែកម្រេញ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែកជាម្ចាស់ស្រះឈ្មោះ អ៊ុន ថេ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកម្រេញ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល (រត់គេចខ្លួន ) ។
វត្ថុតាងនៅកន្លែងកើតហេតុ មានអាគុយ ម៉ាក BBC ពណ៌ខ្មៅ៧០អំពែរ ចំនួន០១គ្រឿង, អាំងវ៉ិចទ័របំលែងភ្លើងអាគុយ ចំនួន១គ្រឿង ខ្សែលួសប្រវែង ៤០ម៉ែត្រ ។
ប្រភពដដែលបន្តថា កើតហេតុ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទី ជនរងគ្រោះបានចេញពីផ្ទះ ដើម្បីទៅមើលគេបូមទឹកដាក់ស្រូវក្នុងគោលបំណងទៅចាប់ត្រី ។ លុះទៅដល់ចំណុចដីស្រែស្រូវ ជនរងគ្រោះបានយកភ្លើងហ្វាពីឈ្មោះ ហេង ណេង ដោយប្រាប់ ហេង ណេង ថាទៅចាប់ត្រី ។ បានមួយសន្ទុះក្រោយមក ក៏ឮសម្រែក ឈ្មោះ ពក ជឿន ស្រែកថាជួយផង ភ្លាមនោះ ឈ្មោះ ផល ភាព និងឈ្មោះ ហេង ណេង ទៅកន្លែងកើតហេតុ ឃើញជនរងគ្រោះដួលប៉ះនឹងខ្សែលួស ដែលឈ្មោះ អ៊ុន ថេ រាយឆក់ការពារ កុំអោយគេចូលចាប់ត្រី ។ ភ្លាមនោះ ផល ភាព និង ហេង ណេង បានយកឈើគៀសខ្សែលួសចេញ ដើម្បីជួយជនរងគ្រោះ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏យកសាកសពជនរងគ្រោះមកផ្ទះ រួចរាយការណ៍ជូនអាជ្ញាធរ និងរាយការណ៍បន្តមកអធិការដ្ឋាននគរបាលស្រុកកោះធំ ។
ក្រោយពីបានទទួល បញ្ជាពីលោកអធិការ ផ្នែកជំនាញបានចុះទៅដល់កន្លែងកើតហេតុ ដោយសហការ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល លោកគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារជនរងគ្រោះ ដើម្បីធ្វើការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពឃើញថា សាកមានស្នាមឆេះខ្មៅនៅលើ.ក មុខខាងឆ្វេង ប្រវែង១០សង្ទីម៉ែត្រ ស្នាមឆេះលើកំភួនដៃខាងស្តាំ ប្រវែង១១ សង្ទីម៉ែត្រ ស្នាមឆេះលើម្រាមដៃស្តាំចំនួន០៤ម្រាម នឹងស្នាមឆេះលើ មេដៃខាងឆ្វេងប្រវែង ០២សង្ទីម៉ែត្រ ក្រៅពីស្លាកស្នាមនេះ ពុំមានស្នាក់ស្នាមអ្វីផ្សេងគួរអោយកត់សម្គាល់ឡើយ ។
តាមការសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តភ្លើង ដែលឈ្មោះ អ៊ុន ថេ រាយការពារផលប្រយោជន៍របស់ខ្លួន បណ្តាលអោយស្លាប់អ្នកដទៃ ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ បានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕




មតិយោបល់