បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្សប្រុស ស្រីចំនួន០៦នាក់ បានរងរបួសធ្ងន់-ស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តប៉ះទង្គិចជាមួយគោយន្តកន្ត្រៃពីក្រោយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១៩និង២០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ស្ថិតចំណុចផ្លូវប្រសព្វមុខក្លោងទ្វារវត្តម្កាក់ ក្នុងភូមិដូនឡី សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ជើងគោកខេត្ត បានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្ត០១គ្រឿងម៉ាកឡុចស៊ីស RX.300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2U-0799 អ្នកបើកបរមិនត្រូវបានគេស្គាល់អត្តសញ្ញាណ(បន្ទាប់ពីកើតហេតុរត់គេចខ្លួនបាត់) ចំណែកគោយន្តកន្ត្រៃមានផ្ទុកមនុស្សចំនួន០៦នាក់ ។
លោកនាយការិយាល័យបានបញ្ជាក់ថា មុនពេលកើតហេតុ ភាគីរថយន្តបានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បើនលឿន ដល់កន្លែងកើតហេតុជាចំណុចផ្លូវប្រសព្វមុខក្លោងទ្វារចូលវត្តម្កាក់ សង្កាត់ម្កាក់ គោយន្តកន្ត្រៃបានប្តូរគន្លងបត់ឆ្វេងដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរថយន្តជាន់ហ្វ្រាំងមិនទាន់បុកពេញទំហឹង រងរបួសមនុស្សទាំងអ្នកបើកបរនិងអ្នករួមដំណើរ០៦នាក់ ក្នុងនោះរបួសធ្ងន់០៣នាក់ ស្រី០១នាក់ និងរបួសស្រាល០៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពម្កាក់ ។
បច្ចុប្បន្ន រថយន្តនិងគោយន្តកន្ត្រៃខូចខាតធ្ងន់ទាំង០២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ៕




មតិយោបល់