ព័ត៌មានជាតិ

រថយន្តលុចស៊ីស RX300 បើកបត់ឆ្លងផ្លូវ ត្រូវរថយន្តនីសសាន់ បុកពីក្រោយ បណ្តាលឲ្យខូចខាតទាំងសងខាង

ភ្នំពេញ: រថយន្តនីសសាន់បើកបុកលុចស៊ីសពីក្រោយ រងការខូចខាតទាំងពីរគ្រឿងយ៉ាងដំណំ ខណ:រថយន្តលុចស៊ីស កំពុងបត់ឆ្លងផ្លូវ ករណីនេះកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយមហាវិថីអូស៊ីអាយស៊ី ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាចរាចរណ៍នេះ មានរថយន្តម៉ាក នីសសាន់ ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2Z 6483 បើកដោយបុរសម្នាក់ ។ ចំណែករថយន្ត លុចស៊ីសRX300 ពណ៌ស្ករ ពាក់ផ្លាកលេខបន្ទាយមានជ័យ 2A 3567 បើកដោយបុរសវ័យចំណាស់ម្នាក់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តទាំងពីរគ្រឿង បានបើកតាមបណ្តោយផ្លូវអូស៊ីអាយស៊ី ក្នុងទិសដៅពីត្បូងទៅជើង ស្របទិសគ្នាដោយរថយន្តលុចស៊ីសបើកខាងមុខរថយន្តនីសសាន់ បើកខាងក្រោយ លុះមកជិតដល់ចំណុចកើតហេតុ រថយន្តលុចស៊ីសបត់ឆ្វេងឆ្លងផ្លូវ តែមិនទាន់ឆ្លងផុតផង ក៏ស្រាប់តែរថយន្តនីសសាន់ បើកពីក្រោយយ៉ាងលឿនជ្រុលទៅបុក បណ្តាលឱ្យរថយន្តរងការខូចខាតទាំងសងខាងយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចទីតាំងកើតហេតុ រួចធ្វើការវាស់វែង
យករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ធ្វើការដោះស្រាយគ្នា។ ដោយភាគីខាងរថយន្តលុចស៊ីស សងថ្លៃខូចខាត ទៅឲ្យភាគីខាងរថយន្តនីសសាន់ ដែលបុកពីក្រោយនោះ ចំនួន៥០០ដុល្លារ ដើម្បីបញ្ចប់រឿង ៕

មតិយោបល់