ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តបុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់បាក់ភ្លៅម្ខាង

ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់បានរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង០៤ និង០៥នាទីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចមុខវត្តទួលសុភាឃួន ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1IH-2258 ធ្វើដំណើរដោយបុរសម្នាក់ និងស្ត្រីម្នាក់ទៀត ជាអ្នករួមដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុ មុខខ្លោងទ្វារវត្តទួលសុភាឃួន បានបន្ថយល្បឿន ដើម្បីឲ្យរថយន្តឆ្លងផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2B-3417 ដែលបើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ទៀតជាព្រូ ក្នុងទិសដៅស្របគ្នា បានបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់ រងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកឯរថយន្តបង្កត្រូវបានប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវឃាត់ជាប់ នឹងប្រគល់ឱ្យសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុក នៅអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមនីតិវិធី៕

មតិយោបល់