ព័ត៌មានជាតិ

តុលាការកោះហៅលោក កឹម សុខា ចូលបំភ្លឺជាលើកទីពីរ

ភ្នំពេញ: លោក លី សុផាណា អ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមប្រព័ន្ធ Telegram ថា “តំណាងអយ្យការអមសាលាដំបូងបានកោះហៅលោក កឹម សុខា ចូលមកឆ្លើយបំភ្លឺនៅក្នុងសំណុំរឿងលេខ ១២៨០ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ពេលព្រឹក”

យោងតាមដីកាកោះហៅជាលើកទីពីរ សរសេរដោយអក្សរក្រហម “លើកទី២” ដែលចេញដោយលោក សៀង សុខ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ បានកំណត់ពេលឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ចូលខ្លួនទៅបំភ្លឺនៅមុខតំណាងអយ្យការ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ខាងមុខ ក្នុងនាមជាសក្សី នៃសំណុំរឿង ពាក់ព័ន្ធនឹងអំពើសញ្ចារកម្ម។

គួររំឭកថា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ លោក សៀង សុខ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក កឹម សុខា ឲ្យចូលខ្លួនបំភ្លឺ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ម្តងរួចហើយ ប៉ុន្តែលោក កឹម សុខា បានបិសេធមិនចូលខ្លួនទៅបំភ្លឺតាមដីកាកោះហៅនោះទេ ទើបតំណាងអយ្យការដដែលបានចេញដីកាកោះហៅសារជាថ្មីម្តងទៀត។

គួរបញ្ជាក់ផងដែរថា ក្រៅពីសំណុំរឿងពាក់ព័ន្ធនឹងអំពើសញ្ចារកម្មនេះ លោក កឹម សុខា ក៏ត្រូវបានលោក កែវ សុជាតិ តំណាងអយ្យការកោះហៅឲ្យចូលខ្លួនទៅបំភ្លឺ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ផងដែរ ពាក់ព័ន្ធនឹងសំណុំរឿង បរិហាកេរ្តិ៍ ដែលមានកញ្ញា ធី សុវណ្ណថា ជាដើមបណ្តឹង ប៉ុន្តែលោក កឹម សុខា ក៏មិនបានចូលខ្លួនតាមដីកាកោះហៅឡើយ។

សំណុំរឿងដ៏ចម្រូងចម្រាសរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានផ្តើមចេញពីការទម្លាយខ្សែអាត់សំឡេងឆ្លើយឆ្លងស្នេហារវាងលោក និងនាងឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនភាគក្នុងពេលកន្លងទៅ៕

K12 3 4

មតិយោបល់