បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ១នាក់ឈ្មោះ ឡូញ សំណាង ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិដូនញ៉ែម ឃុំល្វា ស្រុកបវេល មានករណីឆបោកម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៏ខ្មៅ សេរីឆ្នាំ២០១៥ កើតឡើងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩និង២០នាទី នៅចំនុចក្រុមទី០៦ ភូមិដូនញ៉ែម ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ដែលបង្ករឡើងដោយជនសង្ស័យ១នាក់ឈ្មោៈ ឡែន ឡា ភេទប្រុស អាយុ២៦ឆ្នាំ បានប្រើល្បិចបិតម៉ាស់មុខទៅនិយាយប្រាប់ក្មេងម្ចាស់ផ្ទះថាសុំខ្ចីម៉ូតូទៅយកលុយ២០ម៉ឺន ហើយបានប្រាប់ក្មេងនោះថាអញ់ខ្ចីពីម្តាយឯងហើយម៉ូតូនេះធ្លាប់ខ្ចីច្រើនដងហើយ រួចក៏បានឌុបក្មេងប្រុសទាំងពីរនាក់បងប្អូនទៅទំលាក់ទុកនៅចំនុចចុងភូមិរាមសេនា ឃុំល្វា ស្រុកបវេល ហើយក៏ជិះម៉ូតូគេចបាត់ទៅ។
ឆ្លងតាមការស្រាវជ្រាវនិងការបំភ្លឺពីអ្នកជិតខាងនិងការចង្អុលបង្ហាញរបស់ឈ្មោះ សុខ ឡែន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិដូនញ៉ែម ឃុំល្វា ស្រុកបវេល តាមរយៈរូបថតកាមេរ៉ាសុវត្ថិភាពត្រូវជាឱពុកបង្កើតរបស់ជនសង្ស័យបានបញ្ជាក់ថារូបថតដែលបានមកពីកាមេរ៉ាគឺជារូបថតកូនប្រុសរបស់ខ្លួនពិតប្រាកដមែន។ ក្រោយពីធ្វើការស្រាវជ្រាវហើយបំភ្លឺសាក្សីជំវិញកន្លែងកើតហេតុនិងការចង្អុលបង្ហាញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១១និង៤០នាទី កំលាំងជំនាញបានអញ្ចើញឈ្មោៈ ឡែន ឡា មកធ្វើការសាកសួរតែជនសង្ស័យបានឆ្លើយបដិសេដ។
ដោយមានយោបល់ណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងមានការអនុញ្ញាត្តិពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងនគរបាលស្រុកបានធ្វើការឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់