ព័ត៌មានជាតិ

យុវជនម្នាក់ផឹកស្រាបៀរអស់ ៦កំប៉ុង ជិះម៉ូតូគេជួយលើកហើយមិនអរគុណ បែរបង្ហោះបញ្ឈឺជ្រុលទៅបុករថយន្ត lexus NXT200 រងការខូចខាត

ភ្នំពេញ: យុវជនម្នាក់ផឹកស្រាបៀរអស់ ៦កំប៉ុង ស្រវឹងធ្លាក់ភ្នែកបើកម៉ូតូលឿនដួលតែម្នាក់រងរបួសស្រាល ត្រូវបានប្រជាពលរដ្ឋ​ ដែលឃើញហេតុការណ៍ នាំគ្នាជួយយកអាសារ និងលើកម៉ូតូយុវជននោះឡើង ឲ្យបន្តដំណើរទៅមុខបន្ត តែយុវជននោះមិនអរគុណគេ ហើយជិះម៉ូតូរោទ៍សំឡេងឌឺគេទៀត និងថែមទាំងជិះបង្ហោះឌឺគេទៀត ក៏ជ្រុលទៅបុក និងរថយន្ត lexus NXT200 មួយគ្រឿង ដែលឈប់រង់ចាំភ្លើងស្តុបបណ្តាលឲ្យរងការខូចខាត។

ហេតុការណ៍នេះដែលបានកើតឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅចំណុចស្តុបក្តាន់ពីរផ្លូវសហព័ន្ធរុស្សី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យុវជនទំនើងនោះមានឈ្មោះ បញ្ញា អាយុ ២៣ឆ្នាំ មុខរបរកូនជាងកាត់កញ្ចក់ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក suzukinex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DE-2988 និងបានសារភាពថា រូបគេហូបស្រាបៀរអស់ ៦កំប៉ុង។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យដឹងថា មុនកើតហេតុគឺពួកគាត់ឃើញ យុវជនទំនើងខាងលើ ជិះម៉ូតូក្នុងល្បឿនលឿន ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន មកដល់កន្លែងកើតហេតុ ក៏ដួលតែម្នាក់ឯងរងរបួសស្រាល ឃើញដូច្នោះភ្លាមៗប្រជាពលរដ្ឋ ក៏នាំគ្នាជួយសង្រ្គោះជួយលើកម៉ូតូយុវជនខាងលើ ឲ្យបន្តដំណើរទៅមុខបន្តទៀត តែបុរសនោះមិនអរគុណពួកគាត់ហើយថែមទាំងជិះរោទ៍បញ្ឈឺពួកគាត់ទៀត មិនអស់ចិត្តក៏ជិះបង្ហោះឌឺពួកគាត់ទៀត ក៏ជ្រុលទៅបុកនិងរថយន្ត lexusNXT200 មួយគ្រឿង ដែលធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យរងការខូចខាត ចំណែកម៉ូតូបង្កដួលរងការខូចខាតបន្ថែមទៀត រីឯអ្នកបើកបររងរបួសរលាត់ដៃជើង។

បន្ទាប់ពីកើតហេតុដំបូងម្ចាស់រថយន្ត បានទាមទារសំណងពីយុវជនខាងលើ ឲ្យជួសជុលរថយន្តគាត់ឡើងវិញ តែដោយសារយុវជននោះស្រវឹង និងមិនមានប្រាក់ជាប់និងខ្លួនផងនោះ គាត់ក៏មិនចង់វែងឆ្ងាយក៏ព្រមយករថយន្តទៅជួសជុលដោយខ្លួនឯង និងប្រគល់យុវជនទំនើងនោះឲ្យសមត្ថកិច្ចអប់រំតាមនីតិវិធី៕

មតិយោបល់