ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តម៉ាក ម៉ាស្តា១គ្រឿង ឈប់ទិញតុក្កតា ភ្លេចកាច់សោពន្លត់ម៉ាស៊ីន មានជនមិនស្គាល់មុខម្នាក់ ឡើងបើកជិះគេចខ្លួន ត្រូវម្ចាស់ជិះម៉ូតូតាមទាន់វិញ

ភ្នំពេញ: បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក ម៉ាស្តា ពាក់ផ្លាកលេខរដ្ឋ ទៅឈប់ទិញតុក្កតាមួយភ្លែត ដោយមិនបានពន្លត់ម៉ាស៊ីន ត្រូវបានជនសង្ស័យលួចឡើងបើករថយន្តយកទៅ ត្រូវម្ចាស់ឃើញទាន់ជិះម៉ូតូរបស់បងប្អូនប្រជាពលរដ្ឋ ដេញពីស្តុបថៃប៉ុនរ៉ុង រហូតដល់ស្តុបត្រឡោកបែក ទើបជនសង្ស័យបានទុករថយន្តចោល រត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង៨និង២០នាទីយប់ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា រថយន្តរបស់គាត់ម៉ាក ម៉ាស្ដា ពណ៌ទឹកប្រាក់ ផ្លាកលេខ រដ្ឋ13•2•2688 គាត់បានបើកមកឈប់ចំណុចកើតហេតុខាងលើ ក៏ចុះពីរថយន្តមិនបានពន្លត់ ម៉ាស៊ីនចុះទៅទិញតុក្តតា ខណ:មិនទាន់បានទិញផងនោះ ស្រាប់តែក្រឡេកមើលទៅរថយន្តឃើញជនសង្ស័យម្នាក់ ឡើងបើករថយន្តចេញទៅឃើញដូចច្នោះ គាត់បានពឹងពាក់អ្នកលក់តុក្កតា ដែលគាត់មានម៉ូតូជិះដេញតាមពីក្រោយ រហូតដល់ស្តុបត្រឡោកបែក ដោយជាប់ភ្លើងស្តុបផងនោះ គាត់បានស្រែកចោរៗ ធ្វើឲ្យជនសង្ស័យដឹងខ្លួនទាន់ បានបើកទ្វារថយន្តរត់បាតជើងសព្រាត គេចខ្លួនដោយសុវត្តិភាព ។ ក្រោយមកសមត្ថកិច្ចបាននិយាយជនរងគ្រោះ ទៅសាកសួរ និងធ្វើកំណត់ហេតុ ដើម្បីប្រគល់រថយន្តឲ្យវិញ ព្រោះជនសង្ស័យរត់គេចខ្លួនបាត់ហើយ មិនដឹងភិនភាគយ៉ាងម៉េចនោះទេ ៕

មតិយោបល់