ព័ត៌មានជាតិ

បងប្អូនប្រុស-ស្រីបង្កើតចំនួន៣នាក់ នាំគ្នាចាប់គីង្គក់ដុតស៊ី បណ្តាលឲ្យពុលស្លាប់ម្នាក់

តាកែវៈ នៅថ្ងៃសៅរ៍ ៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១១និង១៦នាទី មានករណីបងប្អូនប្រុស-ស្រីបង្កើតចំនួន៣នាក់ បាននាំគ្នារកចាប់សត្វគីង្គក់យកមកដុតស៊ី បណ្តាលឲ្យពុលស្លាប់ម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

ហេតុការណ៍គ្រោះថ្នាក់ដល់អាយុជីវិតខាងលើនេះ មានក្មេងម្នាក់ឈ្មោះ លឹម ពិសិដ្ឋ (ហៅចិន) ភេទប្រុស អាយុ០៥ឆ្នាំ មានឪពុកឈ្មោះ លឹម យឿន អាយុ៤០ឆ្នាំ និងម្តាយឈ្មោះ សេង ស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ បានស៊ីគីង្គក់ បណ្តាលអោយពុលស្លាប់បាត់បង់ជីវិត នៅពេលក្រុមគ្រួសារបានបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកស្រុកគិរីវង់ ។

ពាក់ព័ន្ទក្នុងករណីខាងលើនេះ ជនរងគ្រោះដែលបានស្លាប់នេះគឺ គេបានចូលរួមចាប់គីង្គក់ដុតស៊ីជាមួយក្មេងពីរនាក់ទៀត (ដែលជាបងប្អូនបង្កើត) គឺមានឈ្មោះ វិន មករា ភេទស្រី អាយុ០៧ឆ្នាំ និងឈ្មោះវិន ណូ ភេទប្រុស អាយុ០៥ឆ្នាំ ហើយ បច្ចុប្បន្នក្មេងទាំងពីរនេះ ក៏បានពុលដូចគ្នា រួចក្រុមគ្រួសារក៏បានបញ្ជូនមកសង្រ្គោះបន្ទាន់ផងដែរ ។

បន្ទាប់ពីសមត្ថកិច្ចទទួលបានព៌ត័មានខាងលើភ្លាម បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការអង្កេតជុំវិញករណីនេះ រួចក៏បានពិនិត្យសាកសព តាមលក្ខណ:ជំនាញដោយមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រួសារសពព្រមទាំងមានការបញ្ជាក់ពីគ្រូពេទ្យថា សាកសពក្មេងប្រុសនេះ ពិតជាបានពុលគីង្គក់ស្លាប់ប្រាកដមែន ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់