បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៨ និង៤០នាទី នៅចំណុចក្រុមទី១៤ ភូមិព្រៃទទឺង១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មានករណីប្រជាពលរដ្ឋដេកស្លាប់ ដោយឆក់ខ្សែភ្លើងនៅនឹងផ្ទះ ស្ថិតនៅក្រុមទី១៤ ភូមិព្រៃទទឹង១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។
ក្រោយពីទទួលបានព័ត៌មានកម្លាំងផ្នែកជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល និងលោកគ្រូពេទ្យបង្អែកស្រុកបវេល បានចុះទៅដល់ទីតាំងកន្លែងកើតហេតុពិនិត្យឃើញថាសាកសពរបស់ជនរងគ្រោះ បានស្លាប់នៅក្រោយផ្ទះលើផ្ទៃដី ដែលមានចាក់សាប និងអណ្ដូងស្នប់ដោយមានសម្ភារៈព្រីភ្លើងនៅក្បែរខ្លួន ហើយនិងមានស្នាមចេះរោល ពណ៌ខ្មៅ នៅនឹងដៃ ។ ឆ្លងតាមការបំភ្លឺរបស់ឈ្មោះ ឈិន រិទ្ធ ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅក្បែរគ្នា ត្រូវជាអ្នកជិតខាង និងជាអ្នកធ្លាប់យកបាយទឹក ទៅឲ្យហូបទាំងព្រឹកល្ងាច ជាប្រចាំបានបំភ្លឺថា ជនរងគ្រោះខាងលើ គាត់មានជំងឺប្រចាំកាយគឺអាការ (ឈឺខ្វិនដើរមិនរួច) គឺចង់ទៅណាគឺអង្កិលកូទរហូត ។ លុះដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦និង២០នាទី ខ្លួនបានយកបាយ និងម្ហូបទៅឱ្យដូចធម្មតា ពេលទៅដល់ហៅគាត់ពុំឮឆ្លើយក៏នឹកស្មានថា គាត់ចូលទៅក្នុងបង្គន់ខ្លួនក៏បានទុកបាយឱ្យដូចរាល់សព្វដង ហើយក៏ត្រឡប់មកផ្ទះវិញ រហូតដល់ម៉ោងប្រហែល១៨និង៤០នាទី ខ្លួនក៏បានមើលទៅផ្ទះរបស់គិត តែពុំឃើញបើកភ្លើងក៏នាំកូន និងប្ដីទៅមើល ក៏ឃើញដេកស្លាប់នៅក្បែរផ្ទះ និងមានព្រីភ្លើង និងមានស្នាមខ្មៅនៅនឹងដៃ តាមការសន្និដ្ឋានរបស់ខ្លួន គឺគាត់ស្លាប់ដោយសារឆក់ខ្សែភ្លើង គឺគ្មានករណីអ្វីផ្សេងពីនេះឡើយ ។ ជនរងគ្រោះឈ្មោះ ប៊ុន ម៉ាប់ ភេទប្រុស អាយុ ៦៨ឆ្នាំ រស់នៅភូមិព្រៃទទឹង១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
តាមការសន្និដ្ឋានរបស់កម្លាំងជំនាញ និងលោកគ្រូពេទ្យបានសន្និដ្ឋានថា ជនរងគ្រោះខាងលើពិតជាបានស្លាប់ ដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន ។ បច្ចុប្បន្ន ក្រោយធ្វើការពិនិត្យរួច ជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ៕
មតិយោបល់