ភ្នំពេញៈ ចាត់ទុកជាសំណាង១ ក្នុងចំណោម១ពាន់គ្រោះថ្នាក់ ដែលពុំមានអ្នកអ្នកស្លាប់ និងរងរបួស ខណៈពេលរថយន្តទ្រុងដឹកទឹកកកអនាម័យ១គ្រឿង កំពុងបើកបរក្នុងល្បឿនលឿនសុខៗ ស្រាប់តែដាច់ទ្រុងធ្លាក់ មកដីក្រឡាប់កាត់ទទឹងផ្លូវ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៤ មុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
រថយន្ត១គ្រឿងនោះ ជាប្រភេទរថយន្តទ្រុងដឹកទឹកកកអនាម័យ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AU-4795 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ហើយក៏មានបុរសម្នាក់ទៀត ដែលជាព្រូរួមដំណើរជាមួយផងដែរ ។
អ្នកឃើញហេតុការណ៍ បាននិយាថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តខាងលើបើកបរលឿន ក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ពុំដឹងថាយ៉ាងម៉េចនោះទេ ស្រាប់តែដាច់ទ្រុងធ្លាក់មកដីក្រឡាប់កាត់ទទឹងផ្លូវច្រង៉ាងៗតែម្ដង ។ ខណៈនោះមិនបានបង្កឲ្យប៉ះពាល់ដល់អ្នកដំណើរតាមផ្លូវឡើយ ប៉ុន្តែពិតជាគួរឲ្យស្រៀវសាច់ខ្លាំងណាស់ ហើយក៏ចាត់ទុកជាសំណាង១ ក្នុងចំណោម១ពាន់គ្រោះថ្នាក់ដែរ ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងប្រជាការពារ ចុះទៅកាន់កន្លែងនោះពិនិត្យមើលជាក់ស្ដែង ព្រមទាំងសម្រួលចរាចរណ៍ មិនឲ្យមានការកកស្ទះ រួចប្រាប់ឲ្យម្ចាស់ស្ទូចលើកទ្រុងរថយន្តនេះ ចេញដោយខ្លួនឯង ៕
មតិយោបល់