ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី បណ្តាលឲ្យបុរសម្នាក់ ស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យឯកជន ខណៈជនរងគ្រោះបើករថយន្តយ៉ាងលឿន ជ្រុលចង្កូតបុករបាំងក្បាលពុះចែកទ្រូងផ្លូវ កាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត Ford Ranger ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ 2BA-1827 បើកបរដោយឈ្មោះ លីម ឡាយអ៊ូ ភេទប្រុស អាយុ៣០ឆ្នាំម្នាក់ រស់នៅសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ បើកបរទិសដៅ ពីកើតទៅលិច មានល្បឿនយ៉ាងលឿនដូចហោះ លុះពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូតបុករបាំងពុះចែកទ្រូងផ្លូវ បណ្តាលឲ្យគាបជាប់តៃកុងក្នុងរថយន្ត ។
ប្រភពដដែលបន្តទៀតថា ភ្លាមៗនោះ មានរថយន្តមន្ទីរពេទ្យឯកជនមួយកន្លែង បានដឹកជនរងគ្រោះខាងលើ ទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ តែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ នៅមុនពេលទៅដល់មន្ទីរពេទ្យ ទើបដឹកជនរងគ្រោះមកទីតាំងកើតហេតុវិញ ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅស្នងការនគរបាលចរាចរណ៍រាជធានីភ្នំពេញ ជាបណ្តោះអាសន្ន ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិ ដើម្បីយកសពទៅធ្វើបុណ្យេតាមប្រពៃណី ៕
មតិយោបល់