ត្បូងឃ្មុំៈ នៅថ្ងៃចន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី ចន្លោះបង្គោលគីឡូ ១៣៣-១៣៤ លើផ្លូវជាតិលេខ៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបើកវ៉ាជែងរថយន្ត១គ្រឿង ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យបុករថយន្ត១គ្រឿងទៀត ស្លាប់ទាំងពីរនាក់ប្តី-ប្រពន្ធ ស្ថិតក្នុងភូមិអណ្តូងជា ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិង រថយន្តម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខត្បូងឃ្មុំ 1G-5193 បើកបរដោយឈ្មោះ ស៊ុយ ស៊ន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិអញ្ចើម ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លាប់នៅកន្លែងកើតហេតុ) បានឌុបប្រពន្ធឈ្មោះ ឆាន ចាន់ឌី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ នៅភូមិ-ឃុំជាមួយគ្នា (ស្លាប់នៅកន្លែងហេតុកើតហេតុ) ។ លុះពេលបើកបរមកដល់ចំណុចកើតហេតុ ម៉ូតូខាងលើបានវ៉ាជែងរថយន្តធុនតូច ស្រាប់តែទៅបុករថយន្តម៉ាក សាំងយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-8042 មិនស្គាល់ឈ្មោះ និងអាសយដ្ឋានអ្នកបើកបរ (រត់គេចខ្លួនបាត់) បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ទាំងពីរនាក់ប្តី-ប្រពន្ធ ។ ទិសដៅបញ្ច្រាសគ្នា ម៉ូតូហុងដាឌ្រីមបើកបរពីលិចទៅកើត ជែងរថយន្តធុនតូចទៅបុករថយន្តម៉ាក សាំងយ៉ុង បើកបរពីកើតទៅលិច ។
ករណីនេះបណ្តាលឲ្យខូចខាតរថយន្ត កម្រិតស្រាល ម៉ូតូ កម្រិតធ្ងន់។
មូលហេតុ៖ បណ្តាលមកពីកត្តាបើកបរវ៉ាជែង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ វាស់វែងធ្វើកំណត់ហេតុ យកវត្ថុតាងទៅរក្សាទុក ដើម្បីអនុវត្តតាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកសាកសពជនរងគ្រោះទាំងពីរនាក់ប្តី-ប្រពន្ធ ត្រូវប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់