ភ្នំពេញៈ បុរសម្នាក់បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន សង្ស័យងងុយដេក បានជ្រុលទៅបុកបង្កាន់ដៃស្ពានពេញទំហឹង បណ្ដាលឲ្យរថយន្ត ខូចខាតមួយកំណាត់ស្ទើរទាំងស្រុង ។
ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង១និង៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១
ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ចំណុចគល់ស្ពានផ្សារដីហ៊ុយខាងលិច ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តតូយូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BJ 4201 ធ្វើដំណើរទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ សង្ស័យងងុយដេកបានជ្រុលទៅបុកបង្កាន់ដៃស្ពាន អាកាសផ្សារដីហ៊ុយពេញទំហឹង បណ្ដាលឲ្យម្ចាស់រថយន្តរងរបួសស្រាល ចំណែករថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញ មកវាស់វែងស្ទូចរថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕




មតិយោបល់