ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ហៅកង់បីជិះគ្មានប្រាក់ឲ្យ ខ្ចីទូរស័ព្ទទៅសាច់ញាតិយកលុយ បែរជារត់គេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៨និង៣០នាទី មានករណីអំពើលួច (យកទូរស័ព្ទដៃចំនួន០១គ្រឿង) ចំណុចផ្លូវបេតុង ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ចាន់ មករា ហៅ សាក់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ សឿង សុខឃឿន ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ២១អា ភូមិ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា។

ហេតុការណ៍៖ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៦និង០០នាទី ជនរងគ្រោះឈ្មោះ សឿង សុខឃឿន ភេទប្រុស អាយុ ៤៧ឆ្នាំ បានអង្គុយលើម៉ូតូកង់បីឥណ្ឌារង់ចាំដឹកភ្ញៀវនៅម្តុំផ្សារតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ស្រាប់តែជនសង្ស័យឈ្មោះ ចាន់ មករា ហៅ សាក់ ភេទប្រុស អាយុ ២៩ឆ្នាំ បានមកហៅម៉ូតូកង់បីរបស់ជនរងគ្រោះជិះទៅម្តុំទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ពេលធ្វើដំណើរមកដល់ជនសង្ស័យបានឲ្យជនរងគ្រោះដឹកត្រឡប់មកចំណុចផ្លូវ បេតុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ចំណុចកើតហេតុ) ពេលនោះជនសង្ស័យបានឲ្យជនរងគ្រោះឈប់ម៉ូតូកង់បី រួចនិយាយសុំខ្ចីទូរស័ព្ទដៃ០១គ្រឿងម៉ាកសាំសុង ពណ៌ខ្មៅ ស៊ីមកាតលេខ ០៩៦ ៧៧ ៥៥ ៥៥៣ របស់ជនរងគ្រោះនិយាយដើម្បីយកលុយពីសាច់ញាតិ ជនរងគ្រោះក៏បានយល់ព្រមឲ្យខ្ចីទូរស័ព្ទដៃនិយាយ ពេលនោះជនសង្ស័យបានយកទូរសព័្ទដៃ របស់ជនរងគ្រោះដែលខ្ចីបាន រត់គេចខ្លួន ជនរងគ្រោះក៏បានស្រែកឆោឡោឡើង ទន្ទឹមនោះកម្លាំងល្បាតផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានមកដល់ក៏ដេញចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ មករា ហៅ សាក់ យកមកស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ដើម្បីចាត់ការតាមនីតិវិធីតែម្តង ។ នៅពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ មករា ហៅ សាក់ សមត្ថកិច្ចបានចាប់យកភស្តុតាង៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាក សាំសុង ពណ៌ខ្មៅ ស៊ីមកាតលេខ ០៩៦ ៧៧ ៥៥ ៥៥៣ (ជារបស់ជនរងគ្រោះ) ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ចាន់ មករា ហៅ សាក់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់