ភ្នំពេញ: សង្ស័យមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្ត១គ្រឿងម៉ាក Lexus470 កំពុងតែបើកបរសុខៗ ស្រាប់តែបែកកង់ខាងមុខ រេចង្កូតឡើងលើសួន ពុះចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវរបស់រដ្ឋ បណ្តាលឲ្យដួលត្រូវអ្នកជិះម៉ូតូ ដួលរងរបួស ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត Lixus470 មួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2W-8988 ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូង ខណ:ដែលកំពុងបើកបរសុខៗ ស្រាប់តែបែកកង់មុខ ចំហៀងខាងឆ្វេង បណ្តាលឲ្យរេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវរបស់រដ្ឋ បណ្តាលឲ្យបាក់ដួល ទៅប៉ះម៉ូតូម៉ាកស្មាស់វី ពាក់ផ្លាកលេខ ភ្នំពេញ 2BB-4031ដែកបើកបរក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឲ្យដួលម្ចាស់រងរបួស បញ្ជូនទៅសង្រ្គោះភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏ដូចជាជំនាញ បានចុះដល់ទីតាំង និងរាយការបន្តទៅផ្នែកជំនាញចរាចរណ៍ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែង និងយកទៅរក្សាទុក ដើម្បីរងចាំការដោះស្រាយ ៕
មតិយោបល់