កណ្តាលៈ នៅថ្ងៃពុធ០៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៤និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត បណ្តាលអោយមនុស្ស៧នាក់ ស្លាប់និងរងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែតលេខ២១-២២ ត្រង់ចំណុចភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ដកណ្ដាល ។
សភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាកនីសាន់ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2B9951 បើកបរដោយឈ្មោះ សូ សុខវ៉ៃ ភេទប្រុស អាយុ៥០ ឆ្នាំ មានទីលំនៅភូមិល្វាទេ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមានអ្នករួមដំណើរ០៧នាក់៖
១.ឈ្មោះសុខ សារ៉ុម ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅភូមិពុកឫស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
២.ឈ្មោះ ហួត សុខុម ភេទស្រី អាយុ៦៦ឆ្នាំ មានទីលំនៅភូមិមាន់ដប់ក្រោម ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៣.ឈ្មោះ ជឿន នួន ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៤.ឈ្មោះ សែម ផនភេទស្រី អាយុ៥៦ឆ្នាំ មានទីលំនៅ-ភូមិជាមួយគ្នា ។
៥.ឈ្មោះទិត្យ ធឿន ភេទស្រីអាយុ៥២ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា។
៦.ឈ្មោះ ម៉ោញ ភឿន ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា។
៧.ឈ្មោះ ឆឺន សារ៉ុម ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា។
ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានឈប់នៅកណ្ដាលទ្រូងផ្លូវ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយិនដាយ ពណ៌ក្រហម ពាក់ផ្លាកលេខរតនគីរី 3A8987 អ្នកបើកបរ រត់គេចបាត់ (ប្រភេទដឹកអ្នកដំណើរធន់ធំ) ធ្វើដំណើរពីជើងទៅត្បូង (ពីរតនគីរីទៅភ្នំពេញ ស្របទិសគ្នា) ហើយបានមកបុករថយន្តនីសាន់ ដែលឈប់លើទ្រូងផ្លូវខាងលើ បណ្ដាលអោយស្លាប់ឈ្មោះ សុខ សារ៉ុម ពេលបញ្ជូនទៅពេទ្យ ស្រុកមុខកំពូល និងរបួសធ្ងន់ឈ្មោះ ហួត សុខុម និងរបួសស្រាលដល់ឈ្មោះ ជឿន នួន ឈ្មោះ សែម ផន ឈ្មោះទិត្យ ធឿន ឈ្មោះម៉ោញ ភឿន និងឈ្មោះ ឆឺន សារ៉ុម ហើយអ្នករបួសទាំង៦នាក់ បានបញ្ជូនទៅព្យាបាល នៅពេទ្យស្រុកមុខកំពូលម្នាក់ និងពេទ្យឯកជន០៦នាក់ ។
ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ព្រែកអញ្ចាញ និងកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានពិនិត្យកន្លែងកើតហេតុ និងវាស់វែង រួចបានយករថយន្តទាំង២គ្រឿងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។
សេចក្តីសន្និដ្ឋាន ដោយអ្នកបើកបររថយន្តនីសាន់ ពាក់ផ្លាកលេខភ្នំពេញ 2B9951 ឈប់កណ្ដាលទ្រូងផ្លូវ ខ្វះការប្រុងប្រយ័ត្ន។
ចំណែករថយន្ត ហ៊ីយិនដាយ ពាក់ផ្លាកលេខរតនគីរី 3A6967 បើកបរលឿន ៕
មតិយោបល់