ព័ត៌មានជាតិ

រថយន្តដឹកដីបើកសុខៗរលត់ម៉ាស៊ីន អ្នកបើកបរជួសជុលដោយខ្លួនឯង ស្រាប់តឆេះហើយជាប់លេខ រ៉ឺយែរថយក្រោយកិនស្លាប់

ភ្នំពេញ: រថយន្តបែនដឹកដី១គ្រឿង ខណ:កំពុងបើកសុខៗ បានរលត់ម៉ាស៊ីនមិនដំណើរការ ហើយអ្នកបើកបរបានចុះទៅបើកកាប៊ីន ធ្វើការជួសជុលដោយខ្លួនឯង ដោយពុំបានដោះលេខឡើយ ។ ពេលនោះរថយន្តម៉ាស៊ីនបានឆេះដំណើរការឡើងវិញ ទាំងជាប់លេខរ៉ឺយែរថយក្រោយ បណ្ដាលឲ្យអូសអ្នកបើកបរជាច្រើនម៉ែត្រ ព្រមទាំងកិនរងរបួសធ្ងន់ធ្ងរ ។ បន្ទាប់មកបានស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្រ្គោះបន្ទាន់ ដល់មន្ទីរពេទ្យ ចំណែករថយន្តបានបុករថយន្តផ្សេង១គ្រឿងទៀត ព្រមទាំងម៉ូតូសណ្ដោងរ៉ឺម៉ក និងផ្ទះមួយកន្លែងនៅជិតនោះទៀត ។

ហេតុកាណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៥០នាទីសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវបេតុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសរងគ្រោះពុំទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ នៅមុនពេលកើតហេតុ គាត់បានបើកបររថយន្តបែនដឹកដី១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-1690 ។ ខណ:នោះស្រាប់តែរថយន្តបានរលត់ម៉ាស៊ីនលែងដំណើរការ ហើយបុរសនេះ ក៏បានចុះទៅបើកកាប៊ីន ដើម្បីជួសជុលឡើងវិញ ដោយខ្លួនពុំបានដោះលេខចេញសិននោះទេ ។

ប្រភពដដែលបានប្រាប់ឲ្យដឹងថា លុះមួយសន្ទុះក្រោយមកម៉ាស៊ីនរថយន្ត ក៏បានឆេះដំណើរការវិញ ហើយក៏ថយក្រោយអូសអ្នកបើកបររូបនោះជាច្រើនម៉ែត្រ ព្រមទាំងកិនបណ្ដាលរងរបួសធ្ងន់ធ្ងរ ។ បន្ទាប់មករថយន្តបានជ្រុលទៅបុករះរថយន្ត១គ្រឿង និងម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿង ព្រមទាំងបុកចូលផ្ទះមួយកន្លែងទៀត បណ្ដាលឲ្យរងការខូចខាតទើបឈប់ស្ងៀម ។

ក្រោយពេលកើតហេតុ ប្រពន្ធរបស់គាត់រួមទាំងក្រុមគ្រួសារ បានដឹកតាមម៉ូតូសណ្ដោងរ៉ឺម៉កទៅសង្រ្គោះបន្ទាន់ ប៉ុន្តែជាអកុសលពេលទៅដល់មន្ទីរពេទ្យ ក៏បានស្លាប់បាត់បង់ជីវិតតែម្ដង ។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង បានចុះទៅកាន់កន្លែងនោះ រួចរាយការណ៍ទៅកាន់នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ចែងបន្ត ៕

មតិយោបល់