ភ្នំពេញៈ រថយន្តដឹកកុងតឺន័រ១គ្រឿងបានបុកម៉ូតូ១គ្រឿងដែលកំពុងបើកបរធ្វើដំណើរក្នុងទិសដៅស្របគ្នាបណ្ដាលឲ្យរងការខូចខាត ហើយបុរសអ្នកជិះម៉ូតូនោះបានរងរបួសធ្ងន់ធ្ងរ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅតាមមហាវិថីឈ្នះឈ្នះភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តកុងតឺន័រពណ៍បៃតងពាក់ស្លាកលេខព្រះសីហនុ3A-1149 បើកបរក្នុងទិសដៅពីជើងទៅត្បូង។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកពីក្រោយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ១គ្រឿងពាក់ស្លាកលេខភ្នំពេញ1CH-2101 បណ្ដាលឲ្យបុរសអ្នកបើកបរម៉ូតូរងរបួសធ្ងន់ បន្ទាប់មកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះភ្លាមៗ។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍សំរោងក្រោមនិងនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ និងបានរាយការទៅជំនាញចរាចរណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយ៕
មតិយោបល់