ព័ត៌មានជាតិ

ជនជាតិវៀតណាម២នាក់ ធ្វើសកម្មភាពគាស់ឃ្លាំងទំនិញ លួចយកកុំព្យូទ័រជាច្រើនគ្រឿងទៅលក់ មកទិញគ្រឿងញៀនជក់

ភ្នំពេញៈ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០១ និង០០នាទី រំលងអធ្រាត្រ មានករណីលួចមានស្ថានទម្ងន់ទោស ប្រើដំបងឈើ គាស់ជញ្ជាំងស័ង្កសីឃ្លាំងលួចទ្រព្យសម្បត្តិ នៅចំណុចឃ្លាំងទំនិញលេខ១២៦ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះលី សុខឡាយ ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤៩ ផ្លូវ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ ជនសង្ស័យឃាត់ខ្លួនឈ្មោះ ថាច់ ឡេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានចាក់សោទ្វារឃ្លាំងត្រឹមត្រូវ ត្រង់ចំណុចកើតហេតុ រួចចេញទៅដេកផ្ទះ ស្រាប់តែមានជនសង្ស័យ០២នាក់ ឈ្មោះ ថាច់ ឡេង និងឈ្មោះ អេង សៀងហាប់ ជិះកង់០១គ្រឿង ពណ៌ទឹកប្រាក់ មកឈប់ក្បែរឃ្លាំង យកដំបងឈើ គាស់ជញ្ជាំងស័ង្កសីចូលលួចបាន ម៉ាស៊ីនផ្ទុករូបភាពកាមេរ៉ាសុវត្ថិភាព ម៉ាក Hik Vision ០១គ្រឿង, កុំព្យូទ័រលេបថប០៥គ្រឿង (ម៉ាក Asus ពណ៌ខ្មៅ លាយក្រហម០២គ្រឿង, ម៉ាក Dell ពណ៌ខ្មៅ ០២គ្រឿង, ម៉ាក Make Book ០១គ្រឿង), អាយផេត ០១គ្រឿង, USB ០១ និងធុងបាសម៉ាក JBL ០១គ្រឿង រួចគេចខ្លួននាំគ្នាយកកុំព្យូទ័រ០២គ្រឿង ទៅលក់ឲ្យគេនៅម្តុំផ្សារសូរិយាបានលុយ ៤៧០ដុល្លារ ទិញគ្រឿងញៀនជក់ និងស៊ីចាយអស់ ចំណែកសម្ភារៈនៅសល់ ឈ្មោះ អេង សៀងហាប់ ជាអ្នកទុក ។ លុះដល់ថ្ងៃទី១៨-០១-២០២១ ម៉ោង១៦និង៣០នាទី សមត្ថកិច្ចឃាត់ខ្លួន បានជនសង្ស័យម្នាក់ ឈ្មោះថាច់ ឡេង នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ដកហូតកង់ជិះធ្វើសកម្មភាព បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

ជនសង្ស័យឈ្មោះ ថាច់ ឡេង ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល០៥ឆ្នាំ ក្នុងឆ្នាំ២០១៥ ពីបទ៖ លួចមានស្ថាន ទម្ងន់ទោស ។
ជនសង្ស័យប្រើប្រាស់គ្រឿងញៀន៕

មតិយោបល់