ភ្នំពេញៈ ក្រុមអ្នកញៀនល្បែងស៊ីសង អាប៉ាង បៀ ដុសស្លែ៣នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួន បន្ទាប់ពីមានសេក្តីរាយការណ៍ពីប្រជាពលរដ្ឋកាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងការចុះបង្ក្រាបនេះ មានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ក់ ហុងអធិការនគរបាលខណ្ឌសែនសុខ ដោយមានការសម្របសម្រួលពីលោក សេង ហៀង ព្រះអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ទៀត។
ក្នុងនោះសមត្ថកិច្ចធ្វើការឃាត់ខ្លួនមនុស្ស៣នាក់ ទី១ឈ្មោះ ម៉ៅ ឌម ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ទី២ឈ្មោះ អែម ផល្លែម ភេទប្រុស អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលម្ដុំទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងទី៣ ឈ្មោះ អែម តូម៉ា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាងអគ្គិសនីកម្ពុជា ស្នាក់នៅផ្ទះជួលភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្នុងនោះដែរ សមត្ថកិច្ចដកហូតបាន មេអាប៉ោងចំនួន១ បៀ១ហ៊ូ និង ម៉ូតូចំនួន៣គ្រឿង ។
លោកវរសេនីយ៍ឯក ម៉ក់ ហុង បានបន្តឲ្យដឹងថា ចំពោះអ្នកញៀនល្បែងអាប៉ោងនិងបៀខាងលើនេះគឺមិនមានការដោះលែង ឬក៏សម្របសម្រួលណាមួយឡើយហើយលោកនឹងបញ្ជូនអ្នកទាំងនោះទៅតុលាការធ្វើការចាត់ការតាមនីតិវិធី។ លោកបានបញ្ជាក់ទៀតថា នៅក្នុងមូលដ្ឋានរបស់ត្រូវតែរឹតបណ្តឹងចាត់ការឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទទាំងតូចទាំងធំហើយស្របទៅនិងបទបញ្ជាដែលក្រសួងមហាផ្ទៃទើបតែនិងដាក់មកឲ្យខាងសមត្ថកិច្ច ទូទាំងប្រទេសបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅគ្រប់តំបន់ ប្រជាពលរដ្ឋកំពុងតែរង់ចាំមើល ថាតើតុលាការនឹងមានការដោះលែងអ្នកញៀនល្បែង អាប៉ោងទៀតដែរឬទេព្រោះគេសង្កេតឃើញថាតុលាការតែងតែធ្វើការដោះលែងក្រុមអ្នកញៀនល្បែងស៊ីសងជារើយៗ ខណៈសមត្ថកិច្ចមូលដ្ឋានព្យាយាមបង្ក្រាបនឹងបញ្ជូលទៅតុលាការ។
គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមអ្នកញៀនល្បែងទាំង៣នាក់កំពុងត្រូវបានសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់