ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប១គ្រឿង ផ្លាកលេខភ្នំពេញ 2BJ.7762 រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Ford Raptor មួយគ្រឿងក្នុងល្បឿនលឿន សង្ស័យស្រវឹងស្រា បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ បណ្ដាលឲ្យខ្ទាតមកកណ្តាលផ្លូវ ឯរថយន្តបែកកង់ផ្នែកខាងឆ្វេង ទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១និង ១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខក្រុមហ៊ុន លាយបេតុងមួយកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រា បើករថយន្តស៊េរីទំនើបម៉ាក Ford Raptor មួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BJ.7762 ធ្វើដំណើរតាមបណ្តោផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់មួយកង់ ខ្ទាតមកកណ្តាលផ្លូវ ចំណែករថយន្តបែកកង់ខាងមុខខាងឆ្វេងរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕

មតិយោបល់