ព័ត៌មានជាតិ

រថយន្ត១គ្រឿង ផ្លាកលេខព្រះសីហនុ 2B-7707 បើកលឿនរេចង្កូតបុកចូលផ្ទះពលរដ្ឋ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: រថយន្តមួយគ្រឿង បើកលឿនដូចហោះក៏ជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឱ្យបាក់អស់មួយដើម រួចក៏បន្តដំណើរទៅបុកចូលផ្ទះបងប្អូនប្រជាពលរដ្ឋយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣៣នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២៧១ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ពាក់ផ្លាកលេខព្រះសីហនុ 2B-7707 បើកបរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឱ្យបាក់អស់មួយដើម រួចក៏ជ្រុលទៅបុកផ្ទះបងប្អូនប្រជាពលរដ្ឋទៀត បណ្ដាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ។ ភ្លាមនោះ សមត្ថកិច្ចស្ទឹងមានជ័យទី១ ក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការវាស់វែងយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕

មតិយោបល់