សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្ស៣នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលរថយន្តបែកកង់ បានរេចង្កូតបុកម៉ូតូ នៅលើផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៣២ ៣៣៣ ភូមិដូនទ្រឃុំ ល្វា ស្រុកពួក ខេត្តសៀមរាប ។
ហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៧និង២០នាទី ដែលបង្កឡើងដោយរថយន្តសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2X8149 បើកបរដោយឈ្មោះ រិន ភិរក្យ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិអូតាគី ឃុំអូតាគី ស្រុកបាត់ដំបង ខេត្តបាត់ដំបង ដឹកមនុស្សម្នាក់ឈ្មោះវ៉ាន់ សៅឌី អាយុ៣២ឆ្នាំ ជាប្រពន្ធ ក្នុងទិសដៅពីលិចទៅកើត បានបុកម៉ូតូម៉ាកហុងដាឌ្រីមផលិតឆ្នាំ ២០១៥ ពាក់ផ្លាកលេខសៀមរាប1R768 បើកបរដោយឈ្មោះ ប៊ុត ហៃម៉េង ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិ តាង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ (ពាក់មួក) ដឹកមនុស្ស ០២នាក់ :
១.ឈ្មោះ អ៊ួក ចៀន អាយុ៣៦ឆ្នាំជាប្រពន្ធ(អត់មួក) ។
២.ឈ្មោះ ម៉េង នី ភេទស្រី អាយុ១១ឆ្នាំ ជាកូន (អត់មួក) បើកបរទិសដៅពីកើតទៅលិច។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនៃអធិការដ្ឋាននគរបាលស្រុកពួកបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីរថយន្តបែកកង់ស្តាំហើយរេចង្កូតទៅបុកម៉ូតូក្នុងទិសដៅផ្ទុយគ្នា បណ្តាលអោយស្លាប់មនុស្សចំនួន០៣នាក់ និងរបួសស្រាលម្នាក់។
១. ឈ្មោះ ប៊ុត ហៃម៉េង (ស្លាប់នៅពេទ្យខេត្ត)២. ឈ្មោះ អ៊ួក ចៀន (ស្លាប់នៅពេទ្យខេត្ត)៣. ឈ្មោះម៉េង មី (ស្លាប់នៅពេទ្យខេត្ត)
៤. ឈ្មោះ វ៉ាន់ សៅឌី ( របួសស្រាល) និងខូចខាតរថយន្ត ( ធ្ងន់ )និងម៉ូតូខូចខាត( ធ្ងន់ )។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនីតិវិធី ហើយប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ចំណែកអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លន ៕







មតិយោបល់